រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អានតូញ៉ូ ហ្គូធឺរែស (Antonio Guterres) នៅទីក្រុងទៀនជិន។
លោក ហ្គូធឺរែស បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៥។
លោក វ៉ាង បាននិយាយថា មធ្យោបាយដ៏ល្អបំផុតដើម្បីរំលឹកខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ គឺដើម្បីរក្សាទស្សនៈត្រឹមត្រូវនៃប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទីពីរ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងគាំទ្រតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិ។
លោកបានបន្ថែមថា ប្រទេសចិនគាំទ្រអង្គការសហប្រជាជាតិក្នុងការកសាងប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយប្រសិទ្ធភាពជាងមុន តាមរយៈកំណែទម្រង់ដើម្បីនាំមកនូវអនាគតដ៏ភ្លឺស្វាងនៃសន្តិភាព សន្តិសុខ វិបុលភាពនិងវឌ្ឍនភាពសម្រាប់ពិភពលោក។
លោក ហ្គូធឺរែស បានកត់សម្គាល់ថា សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហានានា ខណៈដែលលទ្ធិឯកតោភាគី និងនយោបាយអំណាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគី។
លោកបាននិយាយថា បណ្តាប្រទេសនៃភាគខាងត្បូងដែលមានប្រទេសចិនជាតំណាង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក ដោយលោកបានសរសើរការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះពហុភាគីនិយម និងការគាំទ្រដ៏រឹងមាំសម្រាប់អង្គការសហប្រជាជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





