សន្ទនាប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ធ្វើឡើង នៅមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិក្វាងស៊ី ប្រទេសចិន
AKP ក្វាងស៊ី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- កិច្ចសន្ទនាប្រព័ន្ធផ្សព្វផ្សាយចិន-អាស៊ាន ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិក្វាងស៊ី ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីអ្នកសារព័មានអាស៊ានចំនួន ៧ប្រទេស ដែលរួមមាន កម្ពុជា មីយ៉ាន់ម៉ា សិង្ហបូរី ឡាវ ថៃ ម៉ាឡេស៊ី និងវៀតណាម និងអ្នកសារព័ត៌មានចិន ក្នុងគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
លោកសាស្រ្តាចារ្យ វ៉ាង ស៊ីយ៉ុង (Wang Shiyong) ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសារព័ត៌មាន និងទំនាក់ទំនង នៃសាកលវិទ្យាល័យក្វាងស៊ីបានលើកឡើងអំពីសារៈសំខាន់ និងគុណប្រយោជន៍នៃកម្មវិធី និងនិន្នាការ AI ក្នុងវិស័យសារព័ត៌មាន ដែលមានការទំនាក់ទំនងគ្នាមិនអាចខ្វះបាននាពេលបច្ចុប្បន្ន។ លោកបាននិយាយថា និន្នាការ AI អាចផ្តល់អំណាចដល់ការអភិវឌ្ឍឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ ក្នុងទិដ្ឋភាពជាក់ច្បាស់ ក្នុងការជួយបង្កើនប្រសិទ្ធភាពការងារ របស់អ្នកសារព័ត៌មាន និងអំណាចផ្សព្វផ្សាយនៃរបាយការណ៍ព័ត៌មាន ហើយវាជារបត់នៃការផ្កាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ឬខ្នាតតូច មកជាប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ទាន់សម័យលឿនរហ័ស ឬអាចនិយាយបានថាសារព័ត៌មាននាយុគសម័យ AI មួយយ៉ាងមានប្រសិទ្ធភាព។
នៅក្នុងកិច្ចសន្ទនានោះ ក៏មានការជជែកពិភាក្សាគ្នាផងដែរអំពីតម្រូវការរបស់បណ្តាប្រទេសនៅអាស៊ានក្នុងការប្រើប្រាស់បច្ចេកវិទ្យា Al ដើម្បីផ្តល់អំណាចដល់ការទំនាក់ទំនងតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការរុករក និងកិច្ចសហការជាក់លាក់ ដែលប្រទេសចិន ជាពិសេសក្វាងស៊ី និងបណ្តាប្រទេសអាស៊ាន អាចបន្តធ្វើការរួមគ្នាក្នុងវិស័យនេះ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនានោះ មន្រ្តីក្រសួងព័ត៌មាន និងជាអ្នកសារព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានតំណាងឱ្យប្រតិភូអ្នកសារព័ត៌មានកម្ពុជាចូលរួមថ្លែងចំណាប់អារម្មណ៍ ចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ៕
ដោយ៖ យា ចិន្ដាខន្ដី





