ពិព័រណ៍ចិន-អាស៊ានឆ្នាំ២០២៥ នៅទីក្រុងណានីង ខេត្តក្វាងស៊ី ប្រទេសចិន នឹងបង្កើតឱកាសដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ចអាស៊ាន
AKP ក្វាងស៊ី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- ពិព័រណ៍ចិន-អាស៊ាន(CAEXPO) ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងបង្កើតឱកាសដ៏ធំសម្បើមសម្រាប់សហគមន៍ធុរកិច្ចអាស៊ាន និងចិនព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រជាជាតិទាំង១០ ក្នុងតំបន់អាស៊ាន និងប្រទេសចិន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម និងលទ្ធផលឈ្នះ-ឈ្នះ។ នេះបើយោងតាមលោកស្រី វៃ ស៊ាវហ៊ុយ (Wei Zhaohui) អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៌ចិន-អាស៊ាន និងជាប្រធានការិយាល័យកិច្ចការពិព័រណ៍អន្តរជាតិនៃខេត្តក្វាងស៊ី។
លោកស្រី បាននិយាយថា ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងមកពិព័រណ៍ CAEXPO បានគាំទ្រជានិច្ចដល់ប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន ក្នុងការរួមគ្នាកសាងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការបង្រួបបង្រួម និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រ ព្រមទាំងសម្រួលដល់ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន និងធ្វើឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងភាគីទាំងពីរ ដោយសម្រេចបាននូវកិច្ចសហប្រតិបត្តិការទ្វេភាគីគួរឱ្យចាប់អារម្មណ៍ជាច្រើន។
លោកស្រីបាននិយាយបន្ថែមថា កិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន ដែលជាវេទិកាដ៏លេចធ្លោមួយសម្រាប់កិច្ចសន្ទនាធុរកិច្ចនោះ ជាការប្រមូលផ្តុំដោយអ្នកតំណាងសហគមន៍ធុរកិច្ចមកពីប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ានជារៀងរាល់ឆ្នាំ។
ដោយឡែក សំរាប់ឆ្នាំ២០២៥ នេះ ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន(CAEXPO) នឹងធ្វើឡើងដូចសព្វមួយដង គឺនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន៕
ដោយ៖ យា ចិន្ដាខន្ដី





