សហគមន៍ភូមិមីងស៊ីណាលីនៅក្នុងខេត្តក្វាងស៊ីប្រទេសចិនជាសហគមន៍ជនបទបែបទេសចរណ៍អេកូឡូស៊ី
AKP ក្វាងស៊ី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- សហគមន៍ភូមិមីងស៊ីណាលីគឺជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Huapont Life Sciences Co., Ltd. ដែលត្រូវបានបង្កើតឡើងជាសហគមន៍ជនបទ និងរមណីយដ្ឋានរួមបញ្ចូលគ្នានូវភូមិប្រជាជន វាលស្រែ ភ្នំថ្មកំបោរ ផ្ទះស្នាក់បែបបុរាណក្បែរជើងភ្នំ ផ្សារ ទីអារាមសាសនា និងអាហារដ្ឋានបែបជនបទ ក្នុងជាទម្រង់បង្ហាញពីបែបផែននៃជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកនៅតំបន់ភ្នំថ្មកំបោរនោះ។
សហគមន៍នេះមានទីតាំងស្ថិតក្នុងក្រុងចុងចូវនៃខេត្តក្វាងស៊ី ហើយនៅជុំវិញសហគន៍នេះ លាតសន្ធឹងលើផ្ទៃដីជាងប្រហែល ២៥,៨ហិកតា នៅក្នុងតំបន់ទេសចរណ៍ និងវិស្សមកាលជាតិ ហើយត្រូវបានវាយតម្លៃរមណីយដ្ឋានភូមិមីនស៊ីណាលី ក្នុងទីក្រុងចុងចូវ នៃខេត្តក្វាងស៊ីនេះ ជាសហគមន៍តំបន់ព្រំដែនភាគខាងត្បូងសម្រាប់វិបស្សនាដ៏ល្បីល្បាញ។
នៅក្នុងភាសាហ្ស័ង ពាក្យ «ណាលី» មានន័យថា «វាលស្រែ»ហេតុនេះហើយទើបបានជាសហគមន៍នេះមានវាលស្រែជាច្រើនរយហិកតាដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាត ពេញមួយឆ្នាំ។
នៅសហគមន៍មីងស៊ីណាលី អ្នកអាចទស្សនាយ៉ាងរីករាយនឹងបរិយាកាសដ៏ស្ងប់ស្ងាត់ ដែលរាយព័ទ្ធដោយភ្នំជុំវិញជារង្វង់មូល នឹងអមដោយវាលស្រែលាតសន្ធឹងធំទូលាយ ជាមួយខ្យល់អាកាសល្អ បង្កើតជាផ្ទាំងទស្សនីយភាពនៃការការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃវប្បធម៌ក្នុងស្រុកការរស់នៅបែបអេកូឡូស៊ី និងភាពស្ងប់ស្ងាត់។
ការរីកចម្រើននៃសហគមន៍នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃវិស័យកសិកម្ម វប្បធម៌ និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីដំណើរការពេញលេញនៃភូមិក្នុងស្រុកដែលផ្លាស់ប្តូរពីការចូលរួមពីទេសចរណ៍វប្បធម៌ទៅជាការកាត់បន្ថយភាពក្រីក្រដែលជំរុញដោយវិស័យទេសចរណ៍សម្រាប់ការស្តារជនបទឡើងវិញផងដែរ។
សហគមន៍ភូមិមីងស៊ីណាលីនេះ ត្រូវបានអភិវឌ្ឍន៍ជាចម្បងតាមរយៈគំរូភូមិ-សហគ្រាសរួមគ្នា ដោយការធ្វើឱ្យដី និងភូមិសមូហភាពរបស់ពលរដ្ឋដែលទំនេរមានជីវិតរស់រវើក និងមានចរន្តឡើងវិញ៕
ដោយ៖ យា ចិន្ដាខន្ដី





