កេរដំណែលរបស់ក្រុមខ្លាហោះត្រូវបានប្រារព្ធឡើងដើម្បីរក្សាចំណងមិត្តភាពយូរអង្វែង
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសចិនគ្រោងនឹងរៀបចំពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំង ដែលជាការប្រារព្ធខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន (ឆ្នាំ១៩៣១-១៩៤៥) និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។
បន្ថែមពីលើការលើកកម្ពស់សព្វាវុធទំនើបៗ វត្តមានរបស់ភ្ញៀវអន្តរជាតិនៅឯក្បួនដង្ហែរនោះជាការបង្ហាញពីការរួមចំណែករបស់អ្នកដែលគាំទ្រជ័យជម្នះរបស់ប្រទេសចិន ដោយបានគូសបញ្ជាក់ពីស្មារតីនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។
ក្នុងចំណោមភ្ញៀវអន្តរជាតិកិត្តិយស ក៏មានសមាជិកនៃក្រុមខ្លាហោះអាម៉េរិក និងគ្រួសាររបស់ពួកគេផងដែរ។ ក្រុមខ្លាហោះដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាក្រុមអ្នកស្ម័គ្រចិត្តអាម៉េរិកនៃកងទ័ពអាកាសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤១ ដោយកងទ័ពអាកាសសហរដ្ឋអាមេរិក ដោយមានលោកឧត្តមសេនីយ Claire Lee Chennault ដើម្បីជួយចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។
លោក Harry Moyer ជាសមាជិកជើងចាស់នៃក្រុមខ្លាហោះ បានរំលឹកនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន China Media Group (CMG) ថា «យើងបានដឹងយ៉ាងច្បាស់អំពីអំពើឃោរឃៅដ៏អាក្រក់ដែលប្រព្រឹត្តឡើងដោយពួកឈ្លានពានជប៉ុនប្រឆាំងនឹងប្រជាជនចិន»។
ក្រុមខ្លាហោះបានបាញ់ទម្លាក់យន្តហោះជប៉ុនចំនួន ៩គ្រឿងភ្លាមៗបន្ទាប់ពីបានទៅដល់ប្រទេសចិនកាលពីក្នុងខែធ្នូ ឆ្នាំ១៩៤១ ដោយសម្រេចបាននូវការបរាជ័យដ៏សំខាន់ជាលើកដំបូងសម្រាប់កងកម្លាំងជប៉ុនចាប់តាំងពីការវាយឆ្មក់តាមអាកាសរបស់ពួកគេបានចាប់ផ្តើមលើទីក្រុងគុនមីងនៅភាគនិរតីនៃប្រទេសចិន។
ក្រុមខ្លាហោះបានប្រឈមមុខនឹងបញ្ហាធំជាងនេះនៅក្នុងឆ្នាំ១៩៤២នៅពេលដែលកងកម្លាំងជប៉ុនបានកាន់កាប់មីយ៉ាន់ម៉ា ដោយបំបែកផ្លូវផ្គត់ផ្គង់អន្តរជាតិចុងក្រោយរបស់ប្រទេសចិន។ ដើម្បីជម្នះការរាំងស្ទះនេះ កងកម្លាំងទ័ពអាកាសចិន និងអាម៉េរិកបានត្រួសត្រាយផ្លូវ «Hump Route» ដ៏គ្រោះថ្នាក់មួយ ដែលតភ្ជាប់ប្រទេសឥណ្ឌាទៅកាន់ទីក្រុងគុនមីង ដោយផ្តល់ជំនួយ និងការផ្គត់ផ្គង់អន្តរជាតិសំខាន់ៗ។
ហេតុការណ៍ដែលមិនអាចទាយទុកជាមុនបាននៅតាមផ្លូវនេះ និងការគំរាមកំហែងឥតឈប់ឈរនៃការស្ទាក់ចាប់ដោយយន្តហោះជប៉ុន បានធ្វើឱ្យវាក្លាយជាផ្លូវឆ្លងកាត់អាកាសដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកនៅពេលនោះ ហើយជាមធ្យម មានយន្តហោះមួយគ្រឿងត្រូវបាត់រៀងរាល់ពីរថ្ងៃម្តង។
ចាប់ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥ ក្រុមខ្លាហោះបានសហការគនាជាមួយក្រុមយោធា និងជនស៊ីវិលចិន ដោយបានបាញ់ទម្លាក់ ឬបំផ្លាញយន្តហោះជប៉ុនប្រមាណ ២.៦០០គ្រឿង។ សមាជិកក្រុមខ្លាហោះជាង២.០០០នាក់បានលះបង់ជីវិតក្នុងការប្រយុទ្ធនោះ។
នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានោះ លោក Glen Beneda បានរងរបួសធ្ងន់ធ្ងរដែលយន្តហោះរបស់លោកត្រូវបានបុក និងធ្លាក់ចូលក្នុងបឹងមួយហើយត្រូវបានជួយសង្គ្រោះដោយកសិករចិន និងបានបញ្ជូនលោកទៅកាន់មូលដ្ឋានទាហានយោធា។ ដោយរងរបួសយ៉ាងធ្ងន់ធ្ងរ និងស្ទើរតែមិនអាចកម្រើកបាន លោកបានបង្កើតមិត្តភាពយ៉ាងយូរអង្វែងជាមួយទាហានចិនក្នុងអំឡុងពេលដែលលោកសម្រាកព្យាបាលរហូតជាសះស្បើយ។
នៅក្នុងសៀវភៅអនុស្សាវរីយ៍ឆ្នាំ១៩៤៩ ដែលមានចំណងជើងថា«Way of a Fighter» លោកឧត្តមសេនីយ Chennault បានសរសេរថា «វាគឺជាក្តីសង្ឃឹមដ៏ពេញចិត្តបំផុតរបស់ខ្ញុំដែលសញ្ញានៃក្រុមខ្លាហោះនៅតែមានដដែលដរាបណាវាត្រូវការ ហើយវានឹងត្រូវបានគេចងចាំជានិច្ចនៅលើច្រាំងសមុទ្រទាំងពីរនៃតំបន់ប៉ាស៊ីហ្វិកថាជានិមិត្តរូបនៃប្រជាជនដ៏អស្ចារ្យពីរដែលធ្វើការឆ្ពោះទៅរកគោលដៅរួមនៅក្នុងសង្រ្គាម និងសន្តិភាព»។
ប្រជាជនចិនមិនដែលភ្លេចក្រុមខ្លាហោះទេ។ យើងបានសាងសង់សារមន្ទីរខ្លាហោះនៅទីក្រុងឆុងជីង ហើយបានអញ្ជើញអតីតយុទ្ធជនជាង១.០០០នាក់ និងក្រុមគ្រួសាររបស់ពួកគេឱ្យទៅលេងកម្សាន្តក្នុងប្រទេសចិន។
សេចក្តីសប្បុរសរបស់ប្រជាជនចិនក៏ត្រូវបានចងចាំដោយក្រុមខ្លាហោះផងដែរ ដោយលោក Jeffrey Greene ប្រធានមូលនិធិបេតិកភណ្ឌអាកាសចរណ៍ចិន-អាម៉េរិកបាននិយាយថា អ្នកបើកយន្តហោះក្រុមខ្លាហោះជាច្រើនបានប្រាប់លោកថា បើទោះបីជាច្រើនពេលវេលាកន្លងទៅអស់ជាច្រើនទសវត្សរ៍ក៏ដោយ ក៏ពួកគេមិនដែលភ្លេចរសជាតិនៃអាហារស៊ុតរបស់ចិនដែរ។
នៅគ្រាដែលប្រជាជនចិនខ្លួនឯងមិនសូវមានអាហារហូបចុក ពួកគេបានផ្តល់ស៊ុតដ៏មានតម្លៃរបស់ពួកគេដល់អាកាសយានិកអាម៉េរិក ដើម្បីផ្តល់កម្លាំងឱ្យពួកគេបន្តប្រយុទ្ធជាមួយជប៉ុន។ លោក Greene បាននិយាយថាកាយវិការនៃភាពកក់ក្ដៅនេះនៅតែដក់ជាប់ក្នុងការចងចាំរបស់អតីតយុទ្ធជននៃក្រុមខ្លាហោះ។
ដោយត្រូវបានបង្កើតឡើងដោយលោក Greene និងអតីតយុទ្ធជនក្រុមខ្លាហោះជាច្រើនរូបទៀតកាលពីឆ្នាំ១៩៩៨ មូលនិធិបេតិកភណ្ឌអាកាសចរណ៍ចិន-អាម៉េរិកមានគោលបំណងថែរក្សា និងលើកកម្ពស់ប្រវត្តិសាស្រ្តរួមគ្នានៃកិច្ចសហប្រតិបត្តិការក្នុងសម័យសង្រ្គាមរវាងសហរដ្ឋអាមេរិកនិងចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មូលនិធិនេះបានឧបត្ថម្ភអតីតយុទ្ធជនប្រមាណ ៥០០នាក់ និងក្រុមគ្រួសារ និងកូនចៅរបស់ពួកគេរាប់រយនាក់ទៅលេងកម្សាន្តនៅប្រទេសចិន។
នៅក្នុងលិខិតឆ្លើយតបមួយនៅក្នុងឆ្នាំ២០២៣ ទៅកាន់អតីតយុទ្ធជនGreene និងក្រុមខ្លាហោះ លោក ស៊ី បានសរសើរដល់មូលនិធិ និងកិច្ចខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជនក្នុងការផ្សព្វផ្សាយរឿងរ៉ាវរបស់ក្រុមខ្លាហោះនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយលោកបានសម្តែងក្តីសង្ឃឹមថា ស្មារតីរបស់ក្រុមខ្លាហោះនឹងត្រូវបានបញ្ជូនទៅមនុស្សជំនាន់ក្រោយ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។
ក្នុងពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការ និងមិត្តភាពក្រុមខ្លាហោះចិន-សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng បាននិយាយថា ស្មារតីនៃក្រុមខ្លាហោះបានបង្ហាញពីភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងការថែរក្សាសន្តិភាព មិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំង និងការរំពឹងទុកពិតប្រាកដសម្រាប់ការបន្តនូវសុច្ឆន្ទៈ។
លោក Xie បាននិយាយបន្ថែមថា លោកសង្ឃឹមថានឹងមានក្រុមខ្លាហោះនៃជំនាន់ថ្មីនៅក្នុងប្រទេសទាំងពីរ ដែលនឹងប្តេជ្ញាក្នុងការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងប្រកបដោយចីរភាពរវាងប្រទេសចិន និងសហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្ដាខន្ដី





