ទីក្រុងចុងចូវជាទីក្រុងព្រំដែនទំនើបសម្រាប់ការបើកចំហរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាស៊ាន
AKP ក្វាងស៊ី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- ទីក្រុងចុងចូវដែលស្ថិតនៅព្រំដែនភាគនិរតីនៃប្រទេសចិន គឺជាទីក្រុងព្រំដែនទំនើបសម្រាប់ការបើកចំហរ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនជាមួយអាស៊ាន និងជាទីក្រុងដ៏សំខាន់នៃច្រករបៀងពាណិជ្ជកម្មដីគោកថ្មីខាងលិច និងបម្រើជាច្រកផ្លូវគោកដ៏ងាយស្រួលបំផុតសម្រាប់ការតភ្ជាប់ប្រទេសចិនជាមួយបណ្តាប្រទេសនៅអាស៊ាន។ ទីក្រុងនេះមានគុណសម្បត្តិជាក់លាក់នៃទីតាំង និងគុណសម្បត្តិភូមិសាស្ត្រនយោបាយជាមួយនឹងទីតាំងជិតព្រំដែន ទីក្រុងជិតខាង អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រនៃខេត្តក្វាងស៊ី និងការតភ្ជាប់ទៅកាន់អាស៊ាន។ ទីក្រុងចុងចូវត្រូវបានគេស្គាល់ថាជា «រដ្ឋធានីម៉ង់ហ្គាណែស» និងជា «រដ្ឋធានីនៃស្ករ» របស់ប្រទេសចិន និងជា «រដ្ឋធានីនៃឈើគ្រញូង» ហើយវាត្រូវបានទទួលស្គាល់ថាជាទីក្រុងគំរូថ្នាក់ជាតិសម្រាប់ឯកភាពជាតិ និងវឌ្ឍនភាព។
ទីក្រុងចុងចូវមានកំពង់ផែថ្នាក់ជាតិចំនួន៥ កំពង់ផែលំដាប់ទីពីរចំនួន២និងតំបន់ពាណិជ្ជកម្មព្រំដែនចំនួន១៤ ដែលធ្វើឱ្យវាក្លាយជាទីក្រុងដែលមានចំនួនច្រកព្រំដែនច្រើនជាងគេនៅក្នុងប្រទេសចិន ព្រមទាំងមានវេទិកាអភិវឌ្ឍន៍ជាតិ និងបើកទូលាយមួយចំនួនទៀត ដូចជាតំបន់ពាណិជ្ជកម្មសេរីសាកល្បងចុងចូវ (ក្វាងស៊ី) របស់ប្រទេសចិន តំបន់សាកល្បងពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន (ចុងចូវ) របស់ចិន តំបន់សមាហរណកម្មពាណិជ្ជកម្មសេរីពីងស៊ាំង តំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រំដែន និងតំបន់សាកល្បងត្រួតពិនិត្យថ្នាក់ជាតិជាដើម។ ផ្លែឈើតាមរដូវកាលដែលនាំចូលដោយទីក្រុងចុងចូវមានចំនួនពាក់កណ្តាលនៃផ្លែឈើនៅក្នុងស្រុក។ចំនួនសរុបនៃការនាំចូល និងការនាំចេញពាណិជ្ជកម្មបរទេសបានជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងខេត្តក្វាងស៊ីក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នាហើយបរិមាណនៃការនាំចេញសរុបបានជាប់ចំណាត់ថ្នាក់លេខមួយនៅក្វាងស៊ីក្នុងរយៈពេល ១៧ឆ្នាំជាប់ៗគ្នា។ មិនតែប៉ុណ្ណោះ ទីក្រុងចុងចូវត្រូវបានជ្រើសរើសជាទីក្រុងពាណិជ្ជកម្មបរទេសកំពូលទាំង១០០ របស់ប្រទេសចិនក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា។
ទីក្រុងចុងចូវ គឺជាតំបន់ស្នូលនៃខ្សែក្រវាត់ទេសចរណ៍ព្រំដែននៃខេត្តក្វាងស៊ី ដែលមានកន្លែងដែលមានទេសភាពល្បីៗ ដូចជាទឹកធ្លាក់ឌើទៀនតំបន់ទេសភាពវប្បធម៌ថ្មហួសាន ច្រកយូយីគ័ន និងតំបន់ទេសភាពភូមិមីងស៊ីជាដើម។ តំបន់សហប្រតិបត្តិការទេសចរណ៍ឆ្លងកាត់ព្រំដែនទឹកធ្លាក់ឌើទៀន-បានស្សក រវាងចិន និងវៀតណាម គឺជាតំបន់សហប្រតិបត្តិការទេសចរណ៍ឆ្លងព្រំដែនដំបូងគេនៅក្នុងប្រទេសចិន។ រីឯតំបន់ទេសភាពវប្បធម៌សិល្បៈថ្មហួសានហ្សូជាំង គឺជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកដំបូងគេនៅក្នុងខេត្តក្វាងស៊ី និងជាបេតិកភណ្ឌវប្បធម៌ពិភពលោកដំបូងគេនៃទេសភាពផ្ទាំងគំនូរថ្មនៅក្នុងប្រទេសចិន ហើយវាជាទីក្រុងជើងឯកនៃកម្មវិធី«ទីក្រុងស្អាតជាងគេរបស់ចិន» របស់ស្ថានីយ៍ទូរទស្សន៍ CCTV នៅក្នុងឆ្នាំ២០១៨។
នាពេលបច្ចុប្បន្ន ទីក្រុងនេះមានកន្លែងទេសចរណ៍កម្រិត A ថ្នាក់ជាតិចំនួន ៤៧កន្លែង សណ្ឋាគារលំដាប់ផ្កាយចំនួន ៣៨កន្លែង និងជាគោលដៅទេសចរណ៍សំខាន់មួយក្នុងចំណោមគោលដៅទេសចរណ៍ទាំងបួននៅក្នុងខេត្តក្វាងស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី





