មហាវិទ្យាល័យឌីជីថល និងបច្ចេកវិទ្យាបៃតង នឹងបើកនៅក្នុងសាកលវិទ្យាល័យត្រាកៀ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ -- ទីស្តីការគណៈរដ្ឋមន្ត្រីប៊ុលហ្គារីបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ខ្លួនមួយកាលពីថ្ងៃសប្តាហ៍មុន ដើម្បីបើកមហាវិទ្យាល័យឌីជីថល និងបច្ចេកវិទ្យាបៃតងនៅសាកលវិទ្យាល័យត្រាកៀ(Trakia) ក្នុងទីក្រុងស្តារ៉ា ហ្សាហ្គោរ៉ា តាមសំណើរបស់សាកលវិទ្យាល័យ។
ក្នុងចំណោមការជម្រុញរបស់សាកលវិទ្យាល័យសម្រាប់ការបង្កើតមហាវិទ្យាល័យថ្មី គឺជាតម្រូវការខ្លាំងនៅក្នុងទីផ្សារការងារជាតិ និងក្នុងតំបន់សម្រាប់អ្នកឯកទេសផ្នែកព័ត៌មាន និងបច្ចេកវិទ្យាបៃតងក្នុងបរិបទនៃគោលនយោបាយជាសកលនៃធុរកិច្ចឌីជីថលកម្ម និងការណែនាំនៃបច្ចេកវិទ្យាស្អាត។ ការចាប់អារម្មណ៍ទៅលើអ្នកឯកទេសបែបនេះត្រូវបានបង្ហាញដោយធុរកិច្ចក្នុងស្រុក អាជ្ញាធរទីក្រុង តំបន់ និងអង្គការមិនមែនរដ្ឋាភិបាល។ វាក៏មានការចាប់អារម្មណ៍ផងដែរក្នុងចំណោមសិស្សានុសិស្សក្នុងការសិក្សាលើមុខជំនាញព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ និងជំនាញថាមពល។
មុខវិជ្ជាឯកទេសនៃជំនាញទាំងពីរមុខខាងលើដែលនឹងត្រូវបង្រៀននៅមហាវិទ្យាល័យថ្មីនេះ គឺជំនាញវិស្វកម្មសូហ្វវែរ បច្ចេកវិទ្យាព័ត៌មាន សន្តិសុខសាយប័រ និងរដ្ឋាភិបាលអេឡិចត្រូនិក ថាមពលប្រកបដោយនិរន្តរភាព និងបៃតង ថាមពលកម្ដៅ និងបច្ចេកវិទ្យា និងប្រព័ន្ធបរិស្ថាន ប្រព័ន្ធថាមពលឆ្លាតវៃ និងបៃតង និងបច្ចេកវិទ្យា និងប្រព័ន្ធបំប្លែងថាមពល។ វគ្គបណ្តុះបណ្តាលនេះនឹងមានទម្រង់ពេញម៉ោង និងក្រៅម៉ោង សម្រាប់ការទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិត។
ការបើកមហាវិទ្យាល័យត្រូវបានអនុម័តដោយទីភ្នាក់ងារវាយតម្លៃ និងទទួលស្គាល់ជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





