កីឡាករជិះកង់សញ្ជាតិស៊ែប៊ី លោក អូកជែន អ៊ីលីក ឈ្នះការប្រកួតប្រណាំងកង់នៃដំណើរទេសចរណ៍ប៊ុលហ្គារីលើកទី៧២
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ -- កីឡាករជិះកង់ជនជាតិស៊ែប៊ីលោក អូកជែន អ៊ីលីក (Ognjen Ilic) ដែលជិះកង់សម្រាប់ក្រុមបូរ៉ាក់ កាកាក់ (Borac Cacak) បានឈ្នះពានរង្វាន់នៃដំណើរទេសចរណ៍ប៊ុលហ្គារីលើកទី៧២ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ លោក អ៊ីលីក បានជិះកង់ចម្ងាយ៣,៥គីឡូម៉ែត្រក្នុងរមណីយដ្ឋានសមុទ្រខ្មៅ នៅទីក្រុងព្រីម៉ូស្កូរបស់ប្រទេសប៊ុលហ្គារីសម្រាប់រយៈពេល ០៤:២១នាទី។
កីឡាករ ហ្វឺលីច ហ្រ្កូស (Felix Gross) របស់អាល្លឺម៉ង់ បានបញ្ចប់ការជិះកង់របស់ខ្លួនសម្រាប់ថេរៈវេលា ៣០០វិនាទី តាមពីក្រោយកីឡាករ អ៊ីលីកដែលដណ្តើមបានចំណាត់ថ្នាក់លេខ២។ កីឡាករ នីគីហ្វូរ៉ូស អាវ៉ានីទូ (Nikiforos Arvanitou) របស់ក្រិក បានបញ្ចប់ក្នុងថេរៈវេលាដូចគ្នានឹងកីឡាករ ហ្រ្កូស ដែរ ប៉ុន្តែលោកបានជាប់ចំណាត់ថ្នាក់លេខ៣។
កីឡាករប៊ុលហ្គារីដែលបានចូលរួមការប្រកួតប្រណាំងកង់នេះ ហើយទទួលបានចំណាត់ល្អជាងគេ គឺកីឡាករ ម៉ាទីន ប៉ាប៉ាណូវ (Martin Papanov) ដែលបានបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ២៧។
កីឡាករជិះកង់ជាង ១២០នាក់មកពី ២០ប្រទេសនៅក្នុងទ្វីបចំនួន៣ បានចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ប៊ុលហ្គារី។ ការប្រណាំងកង់នេះរត់នៅលើផ្លូវចម្រុះ និងស្រស់ស្អាតនៃតំបន់ឆ្នេរ ភ្នំ និងវាលទំនាប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





