ឥណ្ឌូណេស៊ីស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់គ្រងឱ្យបានយ៉ាងតឹងរ៉ឹងចំពោះព័ត៌មានមិនពិត
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកោះហៅប្រជុំជាមួយតំណាងក្រុមហ៊ុនមេតា (Meta) និងក្រុមហ៊ុនទីកតុក (TikTok) និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដោយបញ្ជាឱ្យពួកគេបង្កើនការសម្របសម្រួលមាតិកា ចំពេលដែលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃព័ត៌មានមិនពិតតាមប្រព័ន្ធអនឡាញ។
អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូណេស៊ី លោក អាងហ្គា រ៉ាកា ប្រាបូវ៉ូ (Angga Raka Prabowo) បាននិយាយថា ព័ត៌មានមិនពិតបែបនេះជាពិសេសនៅលើបណ្តាញសង្គមទីកតុក និងអ៊ីនស្តាក្រាម (Instagram)របស់ក្រុមហ៊ុនមេតា បានបញ្ឆេះកំហឹងជាសាធារណៈ និងបង្កឱ្យមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
លោកបាននិយាយបន្ថែមថា ដូច្នេះហើយ រដ្ឋាភិបាលបានជំរុញឱ្យវេទិកានានាធ្វើការសម្របសម្រួល ឬដកខ្លឹមសារទាំងនោះចេញ រួមជាមួយនឹងសម្ភារៈដែលទាក់ទងនឹងរូបអាសអាភាស និងល្បែងអនឡាញដោយមិនចាំបាច់រង់ចាំសំណើផ្លូវការណាមួយឡើយ។
បណ្តាញសង្គមទីកតុក និងអ៊ីនស្តាក្រាម នីមួយៗមានអ្នកប្រើប្រាស់ច្រើនជាង ១០០លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងចំណោមបណ្តាញសង្គមធំៗបំផុតនៅទូទាំងពិភពលោក។
ថ្មីៗនេះ ករណីព័ត៌មានមិនពិតជាច្រើនបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឥណ្ឌូណេស៊ី រួមទាំងវីដេអូក្លែងបន្លំរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី ស្រ៊ី មុលយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati)ដែលក្លែងបន្លំថាគ្រូបង្រៀនគឺជាបន្ទុកសម្រាប់ប្រទេស ហើយវីដេអូចាស់នៃកុបកម្មនៅទីក្រុងហ្សាកាតាក៏ត្រូវបានផ្សព្វផ្សាយមិនពិតដែលកាលពីពេលថ្មីៗនេះ។ ឧប្បត្តិហេតុទាំងនេះបានបញ្ឆេះការតវ៉ាកាលពីថ្ងៃទី២៥ ខែសីហាដែលនាំឱ្យមានការចាប់ខ្លួនមនុស្សរាប់រយនាក់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





