គណៈរដ្ឋមន្ត្រីថៃរៀបចំកិច្ចប្រជុំពិសេស ដើម្បីតែងតាំងនាយករដ្ឋមន្ត្រីស្តីទី
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ -- គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានតែងតាំងឧបនាយករដ្ឋមន្រ្តី លោក ភុមថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ជានាយករដ្ឋមន្ត្រីស្តីទីបន្ទាប់ពីលោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ត្រូវបានបណ្តេញចេញពីតំណែងដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ។
លោក ជូសាក់ ស៊ីរីនីល (Chusak Sirinil) រដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រីថៃបានប្រកាសពីសេចក្តីសម្រេចនេះកាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដែលលោកបណ្ឌិតព្រហ្មមីន លើតស៊ូរីដេច (Prommin Lertsuridej) ត្រូវបានតែងតាំងជាអគ្គលេខាធិការនាយករដ្ឋមន្ត្រី។
លោក ជូសាក់ បាននិយាយថា គណៈរដ្ឋមន្រ្តីក៏បានអនុម័តទៅលើក្របខណ្ឌដ៏តឹងរឹងមួយសម្រាប់សកម្មភាពក្នុងអំឡុងពេលអន្តរកាលនាពេលបច្ចុប្បន្ននេះផងដែរ ដើម្បីធានាបាននូវស្ថិរភាពដោយមិនលើសពីដែនកំណត់នៃអាណត្តិរបស់ខ្លួន។
ក្រោមបទប្បញ្ញត្តិនេះ បន្ទាប់ពីតុលាការធម្មនុញ្ញបានបណ្តេញលោកស្រី ផែថុងថាន ស៊ីណាវ៉ត្រា ចេញពីតំណែង គណៈរដ្ឋមន្ត្រីថៃបន្តគ្រប់គ្រងក្នុងសមត្ថភាពស្តីទីរហូតដល់រដ្ឋបាលថ្មីចូលកាន់តំណែង។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃបានបណ្តេញនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែងពីបទរំលោភក្រមសីលធម៌។
ករណីនេះកើតចេញពីការចោទប្រកាន់ពីបទរំលោភក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការបែកធ្លាយការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី ផែថុងថាន និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន។
តុលាការបានដកស្រង់សម្តីរបស់លោកស្រី ផែថុងថានដែលបាននិយាយទៅកាន់សម្តេចតេជោ ហ៊ុន សែន អំពីមេបញ្ជាការភូមិភាគទី២ គឺលោកឧត្តមសេនីយ៍ ប៊ូនស៊ីន ផាតក្លាង (Boonsin Padklang) ដែលជាការបង្ហាញពីភាពទន់ខ្សោយនៃនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





