វៀតណាមទទួលតំណែងជាប្រធានគណៈកម្មាធិការអាស៊ានក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសវៀតណាមបានចូលកាន់តំណែងជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (ACW) ដែលផ្ទេរពីប្រទេសថៃជាផ្លូវការ ដោយពិធីប្រគល់នោះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់)។
ក្នុងរយៈពេលបួនខែចុងក្រោយនៃឆ្នាំនេះ វៀតណាមនឹងធ្វើជាអធិបតីក្នុងសកម្មភាពសមូហភាពមួយចំនួនដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងអាស៊ាន និងសហរដ្ឋអាមេរិក។
ថ្លែងមតិនៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក ង្វៀន គ័កឌុង (Nguyen Quoc Dung) បានកោតសរសើរចំពោះប្រទេសថៃដែលបានរៀបចំដោយជោគជ័យនូវសកម្មភាពសំខាន់ៗជាច្រើនក្នុងអំឡុងពេលនៃអាណត្តិរបស់ខ្លួន ជាពិសេសគឺព្រឹត្តិការណ៍រំលឹកទិវាអាស៊ាន ០៨ សីហា។ លោកបានអះអាងថា វៀតណាមនឹងខិតខំរក្សាសន្ទុះនៃសកម្មភាពរបស់គណៈកម្មាធិការ ACW ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងជំរុញទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយដៃគូ។
លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា វៀតណាមបានរៀបចំគំនិតផ្តួចផ្តើមជាក់លាក់មួយចំនួនរួចហើយ ហើយនឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតក្នុងពេលសមស្រប។
ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខនេះ នៅក្នុងខែកញ្ញានឹងឃើញនូវការប្រារព្ធទិវាជាតិនៃប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាមរួមជាមួយនឹងសកម្មភាពជាបន្តបន្ទាប់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ និងការស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីចំនួនពីររូបមកពីប្រទេសឡាវ និងឥណ្ឌូណេស៊ី។ នៅក្នុងខែតុលា គណៈកម្មាធិការ ACW ត្រូវបានគេរំពឹងថានឹងកត់សម្គាល់នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ និងការធ្វើជាសហម្ចាស់ផ្ទះ ជាមួយនឹងស្ថានទូតម៉ាឡេស៊ី សម្រាប់កម្មវិធីមួយស្តីពីបញ្ញាសិប្បនិមិ្មត (AI)។ នៅក្នុងខែវិច្ឆិកានឹងមានកិច្ចប្រជុំជាមួយលេខាធិការនៃក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក និងជាអ្នកគ្រប់គ្រងស្តីទីរបស់អង្គការ NASA លោក ស៊ាន ដាហ្វី (Sean Duffy)ខណៈដែលនៅក្នុងខែធ្នូនឹងនាំមកនូវសកម្មភាពផ្សព្វផ្សាយវប្បធម៌រួមគ្នាដែលបង្ហាញពីរដ្ឋសមាជិកអាស៊ានទាំងអស់នៅទីក្រុងវ៉ាស៊ីនតោន។
លោក ឌុង បានបញ្ចប់ដោយសម្តែងក្តីសង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការជាបន្តរបស់សមាជិកអាស៊ានក្នុងការធ្វើជាប្រធានគណៈកម្មាធិការ ACW របស់វៀតណាម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





