កីឡាករបាញ់កាំភ្លើងកម្ពុជា ហោ មុន្នីរតនៈ ជាប់លេខ៦ ការប្រកួត Bali IPSC Open 2025 នៅប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥--ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC Open (Level III) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលបានបញ្ចប់កាលពីចុងខែសីហា ឆ្នាំ២០២៥ គឺកីឡាករកម្ពុជា ហោ មុន្នីរតនៈ ដណ្តើមបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម៣០នាក់លើវិញ្ញាសា Production Optics ខណៈព្រឹត្តិការណ៍អន្តរជាតិមួយនេះមានកីឡាករចូលរួមសរុប ២១៥នាក់មកពី១៥ប្រទេស-តំបន់។

កីឡាករកម្ពុជា ហោ មុន្នីរតនៈ បានបញ្ជាក់ថា ខ្លួនទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមកីឡាករ៣០នាក់ ដែលប្រកួតលើវិញ្ញាសា Production Optics។ ការចូលរួមប្រកួតនេះ កីឡាករកម្ពុជារូបនេះបានចាត់ទុកថា លទ្ធផលនេះ ហោ មុន្នីរតនៈទទួលបានលទ្ធផលល្អគួរសម្យ ដោយអាចរក្សាក្នុងកម្រិតចំណាត់ថ្នាក់ Top10 ប៉ុន្តែលទ្ធផលនេះមិនទាន់ឆ្លើយតបទៅនឹងឆន្ទៈរបស់ខ្លួននោះឡើយ ដោយប្តេជ្ញាធ្វើឱ្យបានល្អជាងនេះមួយកម្រិតទៀត។ ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនេះ កីឡាករកម្ពុជាចូលរួមចំនួន៣នាក់។

កីឡាករកម្ពុជា ហោ មុន្នីរតនៈ បានពន្យល់ថា មូលហេតុដែលកីឡាករកម្ពុជារូបនេះមិនអាចធ្វើឱ្យបានល្អ តាមបំណងល្អរបស់ខ្លួនបាន ក្នុងការប្រកួតឆ្នាំ២០២៥នេះ គឺដោយសារបញ្ហាសុខភាពតិចតួច មិនបានហ្វឹកហាត់ឱ្យបានដិតដល់។ មូលហេតុមួយទៀត គឺដោយសារតែគ្រាប់កាំភ្លើងដាក់ឱ្យប្រកួតខុសពីគ្រាប់ធ្លាប់ប្រើប្រាស់កន្លងមក ហើយពេលប្រកួតកាំភ្លើងកន្ត្រាក់ខ្លាំង ដែលធ្វើឱ្យគ្រាប់កាំភ្លើងមិនសូវបានចំគោលដៅ ដូចការហ្វឹកហាត់ និងប្រកួតនៅកម្ពុជា។ ដូច្នេះកីឡាករកម្ពុជារូបនេះបានចំណាយពេល២ថ្ងៃ ទម្រាំងអាចឈ្វេងយល់ និងអាចគ្រប់គ្រងការបាញ់ឱ្យមានលក្ខណៈល្អប្រសើរ និងចំគោលដៅបានល្អ ជាងថ្ងៃទី១ ដែលធ្វើមិនសូវបានល្អ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC Open 2025 (Level III) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីមានប្រទេសនិងតំបន់ចូលរួមសរុបចំនួន១៥ រួមមាន៖ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី កម្ពុជា ហ្វីលីពីន ហុងកុង ម៉ាកាវ អេស្តូនី ចក្រភពអង់គ្លេស ស្រីលង្កា ប៉ាគីស្ថាន ចិន សិង្ហបុរី អូស្ត្រាលី កូរ៉េខាងត្បូង ម៉ុងហ្គោលី និងថៃ។ ក្នុងចំណោមកីឡាករសរុប ២១៥នាក់ គឺក្នុងនោះផ្នែកកាំភ្លើង handgun shooters ១៤៩នាក់ និងផ្នែកកាំភ្លើង PCC (pistol caliber carbine) មាន៦៦នាក់។ កីឡាករបាញ់កាំភ្លើងកម្ពុជា ហោ មុន្នីរតនៈ បានចូលរួមការប្រកួតនេះមានកីឡាករចូលរួមប្រកួតសរុប ២១៥នាក់មកពី១៥ប្រទេស ដោយប្រកួតលើ៦វិញ្ញាសា រួមមាន៖ Standard, Classic, Production, Production Optics, Open និងវិញ្ញាសា PCC Optics (Pistol Caliber Carbine)៕

ដោយ ហេង ណាលីន





