អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ ចិន និងឥណ្ឌាគួរតែរួមគ្នាការពារសន្តិភាពនៅតំបន់ព្រំដែន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងឥណ្ឌាគួរតែរួមគ្នាការពារសន្តិភាព និងភាពស្ងប់ស្ងាត់នៅក្នុងតំបន់ព្រំដែនរបស់ពួកគេ។
អ្នកនាំពាក្យ លោក ហ្សាង សៅហ្គាង (Zhang Xiaogang) បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងកិច្ចចរចាជុំទី២៤ រវាងអ្នកតំណាងពិសេសនៃប្រទេសចិន និងឥណ្ឌាស្តីពីបញ្ហាព្រំដែនកាលពីដើមខែនេះ។ ក្នុងជំនួបពិភាក្សានោះ មានការឯកភាពគ្នាចំនួន ១០ចំណុច ហើយភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់យន្តការគ្រប់គ្រងព្រំដែនតាមរយៈបណ្តាញការទូត និងយោធា។
អ្នកនាំពាក្យរូបនេះបាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សា ភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈយ៉ាងច្បាស់លាស់ និងស៊ីជម្រៅលើបញ្ហាព្រំដែនចិន-ឥណ្ឌា ក្នុងស្មារតីវិជ្ជមាន និងស្ថាបនា ដោយឈានដល់ការឯកភាពគ្នាជាច្រើន។
លោក ហ្សាង បាននិយាយថា ដោយសារឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងឥណ្ឌា ភាគីទាំងពីរគួរតែពង្រឹងសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី និងស្វែងរកផ្លូវត្រូវសម្រាប់ប្រទេសជិតខាងធំៗទាំងពីរក្នុងការរួមរស់ជាមួយគ្នាក្នុងស្មារតីនៃការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព ការអភិវឌ្ឍរួម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





