ចិនអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ -- បេសកជនចិនកាលពីថ្ងៃពុធបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា។
លោក ហ្គេង ស័ង (Geng Shuang) តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ជម្លោះនៅតំបន់ហ្គាហ្សាបានអូសបន្លាយរយៈពេលជិត ៧០០ថ្ងៃ ដោយមានប្រជាជននៅតំបន់ហ្គាហ្សាចំនួន ២លាននាក់បានជាប់ក្នុងគ្រោះមហន្តរាយដ៏ធំដែលបង្កើតឡើងដោយមនុស្ស និងជាងមួយលាននាក់ប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារ។
លោក ហ្គេង បានថ្លែងថា «អំពើហិង្សាមិនអាចនាំមកនូវសន្តិសុខ ឬក៏សន្តិភាពបានទេ»។ លោកបានបន្ថែមថា ការបន្តវាយប្រហារយោធាកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ជារៀងរាល់ថ្ងៃ។ «យើងជំរុញឱ្យអ៊ីស្រាអែលគោរពតាមការអំពាវនាវដ៏ខ្លាំងក្លាពីសហគមន៍អន្តរជាតិ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា និងបញ្ឈប់ជាបន្ទាន់នូវវិធានការដ៏គ្រោះថ្នាក់របស់ខ្លួនដែលបង្កើនភាពតានតឹង»។
លោក ហ្គេង បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Nasser នៃតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទបានសម្លាប់ជនស៊ីវិលជាង ២០នាក់ រួមទាំងអ្នកកាសែត និងបុគ្គលិកពេទ្យ ដោយបង្កើតសោកនាដកម្មដ៏អាក្រក់មួយ។ «អ៊ីស្រាអែលនៅតែឆ្ពោះទៅមុខជាមួយនឹងផែនការយោធារបស់ខ្លួនដើម្បីដណ្តើមកាន់កាប់តំបន់ហ្គាហ្សា។ ផែនការដែលបានអនុវត្តន៍រួចនឹងនាំទៅរកការបង្ហូរឈាម និងការផ្លាស់ទីលំនៅកាន់តែច្រើនដោយជៀសមិនរួច ហើយមានគ្រោះថ្នាក់ និងអសន្តិសុខទាំងប្រជាជនតំបន់ហ្គាហ្សា និងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួន»។
លោកបានបន្តថា «ប្រទេសចិនប្រឆាំង និងថ្កោលទោសរាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបំពានច្បាប់អន្តរជាតិ»។ ការបំពានច្បាប់មនុស្សធម៌អន្តរជាតិគឺមិនអាចទទួលយកបានទេ។
ប្រទេសចិនគាំទ្រក្រុមប្រឹក្សាសន្តិសុខក្នុងការចាត់វិធានការចាំបាច់ទាំងអស់ដើម្បីសម្រេចបានបទឈប់បាញ់ បញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងកាត់បន្ថយគ្រោះមហន្តរាយមនុស្សធម៌។ លោកបានបន្តថា ប្រទេសចិនអំពាវនាវដល់ប្រទេសដែលមានឥទ្ធិពលយ៉ាងខ្លាំងលើភាគីពាក់ព័ន្ធ រក្សាជំហរត្រឹមត្រូវ មានទំនួលខុសត្រូវ និងដើរតួនាទីក្នុងការស្ថាបនា។
លោកបាននិយាយថា ប្រទេសចិននឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិឆ្ពោះទៅរកការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ដោយជំរុញការអនុវត្តដំណោះស្រាយរដ្ឋទាំងពីរ ហើយទីបំផុតសម្រេចបាននូវដំណោះស្រាយដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង ដូច្នេះទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែលអាចរស់នៅក្នុងភាពស្ងប់ស្ងាត់ និងសុភមង្គលរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





