តុលាការធម្មនុញ្ញថៃចេញសាលដីកាដកលោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថុងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែង
AKP ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ -- តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានដកលោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីរកឃើញថាមានពិរុទ្ធភាពខុសក្រមសីលធម៌ ជុំវិញការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ សាលដីកាសម្រេចក្តីនៅថ្ងៃសុក្រនេះ ធ្វើឱ្យលោកស្រី ផែថុងថាន ក្លាយជានាយករដ្ឋមន្ត្រីទីប្រាំរបស់ប្រទេសថៃដែលត្រូវបានដកចេញពីតំណែងដោយចៅក្រមថៃចាប់តាំងពីឆ្នាំ២០០៨ មក។
ចៅក្រមចំនួនប្រាំបួនរូប បានសម្រេចថាអ្នក នយោបាយវ័យ ៣៩ឆ្នាំរូបនេះបានបរាជ័យក្នុងការ រក្សាស្តង់ដារសីលធម៌ ឬបង្ហាញពីសុចរិតភាពដែលជាតម្រូវការដ៏សំខាន់ក្នុងនាមជានាយករដ្ឋមន្ត្រីក្នុង អំឡុងពេលដែលលោកស្រីសន្ទនាតាមទូរសព្ទជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីខែមិថុនា ដោយនៅក្នុងនោះលោកស្រី បានពិភាក្សាអំពីកិច្ច ខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើនឡើងនៃ ជម្លោះព្រំដែនជាមួយកម្ពុជា។
តុលាការបាននិយាយថា លោកស្រី ផែថុងថាន បានដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកស្រីលើប្រទេសជាតិ ហើយថាសកម្មភាពរបស់លោកស្រីបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។
សូមរំលឹកថា តុលាការធម្មនុញ្ញថៃបានព្យួរតួនាទីជានាយករដ្ឋមន្រ្តីរបស់លោកស្រី ផែថុងថាន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានបណ្តឹងពីក្រុមសមាជិកព្រឹទ្ធសភាថៃដោយរង់ចាំលទ្ធផលនៃសវនាការ៕

ដោយ : យា ចិន្តាខន្តី





