ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ ប្រ៊ីដហ្គេត អ៊ិល វ៉កឃើ (Bridgette L Walker) អញ្ជើញដាំកូនឈើ ដើម្បីរំលឹកដល់វិថីប្រធានាធិបតី ចន អេហ្វ ខិនណេឌី
AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ប្រ៊ីដហ្គេត អ៊ិល វ៉កឃើ (Bridgette L Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃសុក្រទី២៩ ខែសីហា ឆ្នាំ២០២៥ អញ្ជើញចូលរួមដាំកូនឈើរំលឹកដល់វិថីប្រធានាធិបតី ចន អេហ្វ ខិនណេឌី ដែលបានសម្ពោធជាផ្លូវការនៅឆ្នាំ១៩៦៧ និងរំលឹកខួបលើកទី៧៥នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមររិក នៅឆ្នេរអូរឈើទាល២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ការដាំកូនឈើនាពេលនេះជានិមិត្តរូបបង្ហាញពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែល្អប្រសើរ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងការទូតរវាងសហ រដ្ឋអាមេរិក និងកម្ពុជាមានតាំងពីឆ្នាំ១៩៥០ បើគិតមកដល់ឆ្នាំ២០២៥នេះ មានរយៈពេល៧៥ឆ្នាំ ជាពិសេសសកម្មភាពរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅខេត្តព្រះសីហនុ ដឹកនាំដោយលោកជំទាវ Bridgette L Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងរៀបចំកម្មវិធីសប្តាហ៍ស្ថានទូតសហរដ្ឋអាមេរិក ហើយកម្មវិធីនេះមានសកម្មភាពជាច្រើនមានដូចជាការចុះចែកអំណោយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សានៅភូមិព្រែកស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ការចូលរួមផ្សព្វផ្សាយដល់យុវជនជាសិស្ស និស្សិតសម្រាប់អាហារូបករណ៍នៅសហរដ្ឋអាមេរិក ជំនួបទ្វេភាគីជាមួយរដ្ឋបាលខេត្តព្រះសីហនុ ពិធីបើកស្លាកសញ្ញាអបអរសាទរខួបលើកទី៧៥ នៅបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ពិសាអាហារសាមគ្គី ហើយពិធីដាំដើមឈើនាព្រឹកនេះនៅឆ្នេរអូរឈើទាល២ រួមទាំងកម្មវិធីសុខាភិបាល ផ្នែកជំងឺអេដស៍ និងផ្សព្វផ្សាយវីដេអូឯកសារពាក់ព័ន្ធនឹងការស៊ើបអង្កេត នៃការលួចវត្ថុបុរាណដែលជាបេតិកភណ្ឌរបស់កម្ពុជាដែលបានបាត់បង់នៅពេលប្រទេសកម្ពុជាមានសង្គ្រាម។

ឯកឧត្តមបានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា យើងបានជួបទ្វេភាគីជាមួយលោកជំទាវ ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិក និងបានបើកស្លាកអបអរសាទខួបលើកទី៧៥ឆ្នាំ នៅផ្លូវជាតិលេខ៤ ដែលប្រទេសអាមេរិកបានជួយកសាងផ្លូវជាតិលេខ៤ នៅអំឡុងឆ្នាំ១៩៥៥ និងបញ្ចប់នៅឆ្នាំ១៩៦០ ហើយការកសាងផ្លូវជាតិលេខ៤នេះគឺស្របពេលដែលប្រទេសកម្ពុជា សាងសង់កំពង់ផែស្វយ័តទឹកជ្រៅក្រុងព្រះសីហនុ ហើយផ្លូវជាតិលេខ៤បានដើតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ដែលយើងអាចនិយាយបានថា ផ្លូវគឺជាសសៃឈាមនៃសេដ្ឋកិច្ចជាតិមិនអាចខ្វះបាន មានផ្លូវគឺមានក្តីសង្ឃឹម។ ថ្ងៃនេះយើងបានរៀបចំកម្មវិធីដាំកូនឈើដែលជាអនុស្សាវរីយ៍ និងជាការចងចាំ ព្រោះថាកាលពីឆ្នាំ១៩៦៧មានដំណើរទស្សកិច្ចរបស់លោកជំទាវ Jacqueline Kennedy មកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ តបតាមការអញ្ជើញរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងនោះបានសម្ពោធផ្លូវមួយខ្សែដាក់ឈ្មោះថា JOHN F. Kennedy ដែលជាឈ្មោះកិត្តិយសរំលឹកដល់ឯកឧត្តមប្រធានាធិបតីអាមេរិកទី៣៥។ ការដាំដើមឈើថ្ងៃនេះគឺជាការចូលរួមចំណែករំលឹកនៃការចងចាំផងដែរ ធ្វើឱ្យទំនាក់ទំនងការទូតអន្តរជាតិរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែល្អប្រសើរ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ចំពោះការពាក់ព័ន្ធចំពោះភ្ញៀវទេសចរជាតិ យើងបានធ្វើសកម្មភាពជាច្រើនរៀបចំបរិស្ថានអនាម័យសម្អាតឆ្នេររបស់យើង។ ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគអញ្ជើញមកទស្សនាសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ដែលមានសន្តិសុខ សុវត្ថិភាព និងផាសុកភាព។

លោកជំទាវ ប្រ៊ីដហ្គេត អ៊ិល វ៉កឃើ (Bridgette L Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចប្រជាពលរដ្ឋខេត្តព្រះសីហនុ បានចូលរួមសហការធ្វើឱ្យកម្មវីធី "សប្តាហ៍ស្ថានទូតសហរដ្ឋអាមេរិកនៅខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដែលជាខួបលើកទី៧៥ នៃភាពជាដៃគូ និងមិត្តភាព" គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អ តាមរយ:សកម្មភាពជាច្រើនមានដូចជា កម្មវិធីចែកអំណោយជាសម្ភារសិក្សាដល់សិស្សានុសិស្ស កម្មវិធីសំណេះសំណាលជាមួយយុវជន ការបើកស្លាករំលឹកខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅផ្លូវជាតិលេខ៤ កម្មវិធីដាំកូនឈើ កម្មវិធីសុខាភិបាល កម្មវិធីវប្បធម៌បេតិកភណ្ឌ កម្មវិធីបញ្ចាំងខ្សែភាពយន្ត និងមានកម្មវិធីកម្សាន្តជាច្រើនទៀតបានដំណើរការដោយរលូនតាមការគ្រោងទុក៕
ដោយ ងូ សុមុនី





