ព្រះខ័នរាជស្វាយរៀង ធ្វើម្ចាស់ផ្ទះ ពូល D AFC Challenge League 2025-2026
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥--ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាជើងឯរង ពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី-AFC Challenge League រដូវកាលមុន ២០២៤-២០២៥ បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតប្រចាំពូល D AFC Challenge League រដូវកាលថ្មី ២០២៥-២០២៦នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៦ ខែតុលា, ២៩ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងតាមលទ្ធផលចាប់ឆ្នោតចែកពូលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ គឺព្រះខ័នរាជស្វាយរៀងស្ថិតក្នុងពូល D ជាមួយក្រុម Manila Digger, SP Falcons និងក្រុម Ezra ខណៈក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូល E ជាមួយក្រុម Dewa United Banten, Shan United និងក្រុម Tainan City។ ការប្រកួតសន្សំពិន្ទុក្នុងពូល D និងពូល E នឹងត្រូវធ្វើឡើង នាថ្ងៃទី២៦ ខែតុលា, ២៩ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកាដូចៗគ្នា។ សម្រាប់ពូល D គឺព្រះខ័នរាជស្វាយរៀងទទួលធ្វើម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ខណៈពូល E ដែលក្រុមភ្នំពេញក្រោនស្ថិតនៅ គឺក្រុម Dewa United របស់ឥណ្ឌូណេស៊ីជាអ្នករៀបចំធ្វើម្ចាស់ផ្ទះ នៅកីឡដ្ឋាននៃប្រទេសឥណ្ឌូណេស៊ី។

គួររម្លឹកថា ក្រុមព្រះខ័នរាជស្វាយរៀង គឺជាជើងឯករង AFC Challenge League រដូវកាលមុន ២០២៤-២០២៥ ក្រោយប្រកួតចាញ់ក្រុម FC Arkadage នៅវគ្គផ្តាច់ព្រ័ត្រ។ គួរបញ្ជាក់ថា វគ្គចែកពូល Group Stage នេះមានក្រុមចូលរួមសរុបចំនួន ២០ក្រុម ដោយក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា៕


ដោយ ហេង ណាលីន (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)





