រដ្ឋមន្ត្រីបង្រួបបង្រួមជាតិពិភាក្សាអំពីបញ្ហាកូរ៉េខាងជើងជាមួយបេសកជនចិន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ -- ការិយាល័យរបស់រដ្ឋមន្ត្រីបង្រួបបង្រួមជាតិ បាននិយាយថា លោក ជុង ដុងយ៉ុង (Chung Dong-young) បានជួបជាមួយប្រេសិតកំពូលរបស់ប្រទេសចិនប្រចាំទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីវិធីបង្កើនកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាដែលមិនទាន់សម្រេចនៅលើឧបទ្វីបកូរ៉េ។
ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ដៃ ប៊ីង (Dai Bing) លោក ជុង បានសម្តែងក្តីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងចិន នឹងមានភាពចាស់ទុំ និងអភិវឌ្ឍន៍បន្ថែមទៀត ជាពិសេសចំពោះកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលនឹងប្រព្រឹត្តទៅនៅទីក្រុងយ៉ុងជូ ភាគអាគ្នេយ៍នៃប្រទេស ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។
លោក ជុង ក៏បានគូសបញ្ជាក់អំពីទិសដៅគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលស្តីពីប្រទេសកូរ៉េខាងជើង និងការបង្រួបបង្រួមជាតិដោយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្តរវាងកូរ៉េទាំងពីរ និងការជំរុញការរួមរស់ដោយសន្តិភាព។
លោកក៏បានអំពាវនាវឱ្យមានតួនាទីស្ថាបនារបស់ប្រទេសចិនក្នុងការបន្តការសន្ទនា និងការបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
ជាការឆ្លើយតប បេសកជនចិនបានអបអរសាទរចំពោះលោក ជុងចំពោះការតែងតាំងរបស់លោក និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





