លោក ត្រាំ បាននិយាយថា លោកសង្ឃឹមថានឹងជួបលោក គីម ជុងអ៊ុន នៅឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកសង្ឃឹមថានឹងជួបជាមួយលោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ប្រទេសកូរ៉េខាងជើង) នៅចុងឆ្នាំនេះ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន ក្នុងអំឡុងពេលចាប់ផ្តើមនៃជំនួបរបស់លោកជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយ៉ុង (Lee Jae-myung) លោក ត្រាំ បាននិយាយថា លោករក្សានូវ«ទំនាក់ទំនងដ៏ល្អ» ជាមួយលោក គីម ហើយទន្ទឹងរង់ចាំជួបលោកម្តងទៀត។
លោក ត្រាំ បាននិយាយថា «ខ្ញុំពិភាក្សាចុះសម្រុងជាមួយលោក គីម បានយ៉ាងល្អ។ ខ្ញុំគិតថា លោក គីម មានប្រទេសដែលមានសក្តានុពលខ្លាំងនិងអស្ចារ្យ» ។
ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់លោក ត្រាំ លោក និងលោក គីម បានជួបគ្នាជាលើកដំបូងនៅប្រទេសសិង្ហបុរីក្នុងខែមិថុនាឆ្នាំ២០១៨ ដែលជាការកត់សម្គាល់កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-កូរ៉េខាងជើង ជាលើកដំបូង។ ភាគីទាំងពីរបានជួបគ្នាម្តងទៀតនៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ហើយក្រោយមកនៅខែមិថុនា ក្នុងភូមិប៉ាន់មុនជុម (Panmunjom) នៃព្រំដែនអន្តរកូរ៉េ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





