នាយករដ្ឋមន្ត្រីប៉ូឡូញ និងកាណាដាជួបពិភាក្សាគ្នាស្តីពីកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីប៉ូឡូញលោក ដូណាល់ ទូក (Donald Tusk) បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានេយ (Mark Carney) កាលពីថ្ងៃចន្ទ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសន្តិសុខ។
លោក ទូក បាននិយាយថា ប្រទេសប៉ូឡូញត្រូវការ «ដៃគូដែលអាចទុកចិត្តបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ»នៅក្នុងវិស័យនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញដែលជាបទពិសោធន៍របស់ប្រទេសកាណាដា។
លោកបានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជិតស្និទ្ធរួចហើយដោយសារផលប្រយោជន៍រួមរបស់ពួកគេ។ លោកបានបន្ដថា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីក្នុងការបន្តគាំទ្រអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំនោះ ប្រទេសប៉ូឡូញ និងកាណាដានឹងចាប់ផ្តើមការពិគ្រោះយោបល់ទ្វេភាគីប្រចាំឆ្នាំ ដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រដែលប្រសើរឡើងរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





