ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ច៣ចំណុចជូនដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន និងបានប្រគល់ភារកិច្ចសំខាន់ៗ៣ចំណុច ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ និងស្ថាប័នពាក់ព័ន្ធ ដែលត្រូវអនុវត្តនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ បានថ្លែងនូវការដឹងគុណជានិច្ច និងបានគោរពវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនយើង ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព ការពារបូរណភាពទឹកដី ពីការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃពីពួកចោរសៀម នៅតាមព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ និងបានសូមជូនពរដល់យុទ្ធជនរបួស ពិការ របស់យើងឆាប់បានជាសះស្បើយ និងមានសុខភាពល្អ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗដែលកើតមានឡើងនៅក្រោយកិច្ចព្រមព្រៀងចំនួន១៣ចំណុចរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការសម្របសម្រួលពីតំណាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងពីនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន។ តែភាគីថៃបានរំលោភបំពានជាបន្តបន្ទាប់ មានដូចជាការចល័តគ្រឿងចក្រយោធា និងកងកម្លាំងទ័ព ព្រមទាំងបង្កហេតុ រាយបន្លាលួស ដាក់កង់ឡាន ហ៊ុព័ទ្ធផ្ទះប្រជាពលរដ្ឋ រំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ តែថ្នាក់ដឹកនាំប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃ និងកងកម្លាំងប្រដាប់អាវុធរបស់យើង បានអត់ធ្មត់ក្នុងកម្រិតខ្ពស់ និងបានគោរពយ៉ាងម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងទាំង១៣ចំណុច ពិសេសបទឈប់បាញ់ ដែលបានចូលជាធរមាននៅវេលាម៉ោង០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចំនួន៣ចំណុច ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ដូចជា៖ ទី១. ត្រូវត្រៀមខ្លួនរួចជាស្រេច ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី មិនឱ្យខ្មាំងសត្រូវឃ្លានពានបានជាដាច់ខាត។ ទី២. ត្រូវបន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាបទល្មើសព្រៃឈើ និងបទល្មើសនេសាទ មិនឱ្យកើតមានឡើងជាថ្មីជាបានដាច់ខាត និងទី៣. ត្រូវចូលរួមជាមួយអាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់រួមចំណែកជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ ពិសេសជួយផ្សព្វផ្សាយ សម្របសម្រួលរកការងារជូនដល់ពលករចំណាកស្រុក ដើម្បីមានការងារធ្វើ នៅក្នុងប្រទេស មានប្រាក់ចំណូលសមរម្យ រួមចំណែកក្នុងការកសាងប្រទេសជាតិយើង។ ជាមួយនោះដែរ ត្រូវអប់រំក្រុមគ្រួសារយោធិនយើង ព្រមទាំងប្រជាពលរដ្ឋត្រូវធ្វើពហិការមិនត្រូវប្រើប្រាស់ផលិតផល ឬទំនិញរបស់ថៃជាដាច់ខាត៕
ដោយ ស៊ុម វណ្ណា





