ប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងស្រុកល្វាឯម ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
AKP កណ្ដាល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២ភូមិ ស្មើនឹង២ ៦២៦បណ្ណ គឺភូមិបឹងគ្រំលើ និងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ថា ការចែកបណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងវិវាទផ្សេងៗ។

លោកអភិបាលរងខេត្តបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះមានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលព្រោះការចុះបញ្ជីដីធ្លីនេះបានផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងចំពោះបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដីយកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

លោកអភិបាលរងខេត្តបានសម្ដែងការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំង២ភូមិ ក្នុងស្រុកល្វាឯម ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត និងបានផ្តាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា បើគិតមកដល់ពេលនេះចុះបញ្ជីបាន៦៧ឃុំ-សង្កាត់ លើ១២៧ឃុំ- សង្កាត់ ស្មើនឹង៦០៤ភូមិ លើ១០១០ភូមិ គឺស្មើនឹង៦០ភាគរយនៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន៨៥៨ ៧៥៣ ក្បាលដី ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤៤០ ៦២៣ បណ្ណ និងចែកបណ្ណបានចំនួន២៤៤លើក ក្នុងនោះចែកជូនដល់ដៃប្រជាពលរដ្ឋបានចំនួន ៣៤៨ ២៧២បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៤៥ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅ ភូមិបឹងគ្រំលើ ចំនួន ១ ៤១៥បណ្ណ និងភូមិបឹងគ្រំក្រោម ចំនួន ១ ២១១បណ្ណ ឃុំបឹងគ្រំ ស្រុកល្វាឯម សរុបចំនួន ២ ៦២៦បណ្ណ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





