កូរ៉េខាងត្បូង និងវៀតណាមឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ -- និយតករហិរញ្ញវត្ថុរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងវៀតណាមបានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសនៅក្នុងប្រព័ន្ធទីផ្សារភាគហ៊ុនតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយ និងចំណេះដឹងពាក់ព័ន្ធ។
ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក ង្វៀន ដុកជី (Nguyen Duc Chi) នៅទីក្រុងសេអ៊ូល អនុប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុ (FSC) លោក វ៉ុន ដេយ៉ុង (Kwon Dae-young) បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគួរតែធ្វើការសហការលើវិស័យធានារ៉ាប់រង បច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀត។
ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសវៀតណាម។ ក្នុងឆ្នាំ២០១៦ ទីក្រុងសេអ៊ូលបានធានានូវកិច្ចព្រមព្រៀងចំនួន ២៨,៧លានដុល្លារអាម៉េរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសម្រាប់ទីផ្សារភាគហ៊ុន និងហិរញ្ញវត្ថុរបស់ទីក្រុងហាណូយ។ ប្រព័ន្ធព័ត៌មានវិទ្យាហិរញ្ញវត្ថុជំនាន់ក្រោយបានដំណើរការពេញលេញចាប់តាំងពីខែឧសភាឆ្នាំនេះ។
នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីដើមខែនេះក្នុងទីក្រុងសេអ៊ូល ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយ៉ុង (Lee Jae Myung) និងមេដឹកនាំកំពូលរបស់ប្រទេសវៀតណាម លោក តូ ឡឹម (To Lam) បានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុទ្វេភាគីរបស់ប្រទេស ដោយយល់ព្រមចាត់វិធានការដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១៥០ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០៣០។
ប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសកូរ៉េខាងត្បូង និងមានក្រុមហ៊ុនកូរ៉េប្រហែល ១០.០០០ក្រុមហ៊ុន។ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ៨៦,៧ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





