អ៊ីស្រាអែលបង្កើតប៉ុស្តិ៍យោធានៅជិតទីក្រុងដាម៉ាស់ ប្រទេសស៊ីរី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ -- ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែលបានបង្កើតទីតាំងយោធានៅក្នុងភូមិយុទ្ធសាស្ត្រមួយនៅភាគនិរតីនៃទីក្រុងដាម៉ាស់ មានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរដ្ឋធានីស៊ីរី។
យោងតាមអ្នកឃ្លាំមើលសង្រ្គាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា ប៉ុស្តិ៍នេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែសីហា នៅក្នុងភូមិរ៉ាក់ឡាហ៍ជាភូមិមួយនៅតំបន់ភ្នំ Hermon ដែលអាចមើលឃើញផ្លូវសំខាន់ៗចំនួនបីដែលតភ្ជាប់រវាងទីក្រុងដាម៉ាស់ ជាមួយទីក្រុងបាល់ប៊េក និងទីក្រុងបៃរូត នៃប្រទេសលីបង់។
ក្រុមសង្កេតការណ៍បាននិយាយថា វិធានការនេះផ្តល់ឱ្យអ៊ីស្រាអែលនូវ «អត្ថប្រយោជន៍យុទ្ធសាស្ត្រដ៏សំខាន់» ដោយដាក់កងកម្លាំងរបស់ខ្លួននៅក្នុងជួរកាំភ្លើងធំនៃផ្លូវហាយវេសំខាន់ៗ រួមទាំងផ្លូវ Beirut-Masnaa និងផ្លូវ Beirut-Zahle ដែលត្រូវបានគេចាត់ទុកថាជាខ្សែផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ក្រុមហេបូឡាហ៍។
ក្រុមសង្កេតការណ៍បានបន្ថែមថា ការដាក់ពង្រាយនេះហាក់ដូចជាផ្នែកយុទ្ធសាស្ត្រកាន់តែទូលំទូលាយរបស់អ៊ីស្រាអែលក្នុងការឡោមព័ទ្ធក្រុមលីបង់ និងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់សក្តានុពលរបស់ខ្លួន។
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសម្តងហើយម្តងទៀតនៅភាគខាងត្បូងប្រទេសស៊ីរី ដោយផ្តោតលើទីតាំងយោធា និងអ្វីដែលខ្លួនបាននិយាយថាជាក្រុមហេសបូឡាហ៍ និងទ្រព្យសម្បត្តិដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





