នាយករដ្ឋមន្ត្រីកាណាដាប្រកាសផ្ដល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ -- យោងតាមការចេញផ្សាយព័ត៌មានដោយការិយាល័យនាយករដ្ឋមន្ត្រីកាណាដា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានេយ (Mark Carney) បានប្រកាសនៅក្នុងទីក្រុងគៀវរបស់អ៊ុយក្រែន សម្រាប់ជំនួយយោធាថ្មី។
ការផ្តល់មូលនិធិចំនួន ២ប៊ីលានដុល្លារកាណាដា (១,៤៥ប៊ីលានដុល្លារអាម៉េរិក) ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល G7 ខែមិថុនា ដែលធ្វើឡើងនៅទីក្រុងកាណាណាស្គីស៍ ប្រទេសកាណាដា។
ការចេញផ្សាយបាននិយាយថា ទឹកប្រាក់ប្រហែល ៨៣៥លានដុល្លារកាណាដា (៦០៣លានដុល្លារអាម៉េរិក) នៃចំនួនសរុបត្រូវបានគេគ្រោងនឹងទិញឧបករណ៍សំខាន់ៗជាច្រើនសម្រាប់ប្រទេសអ៊ុយក្រែន រួមទាំងរថពាសដែក បរិក្ខារពេទ្យ គ្រឿងបន្លាស់ អាវុធធុនតូច គ្រាប់រំសេវ និងគ្រឿងផ្ទុះ ក៏ដូចជាសមត្ថភាពបន្ថែមរបស់យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ និងការផ្គត់ផ្គង់ដែលត្រូវការជាបន្ទាន់ផ្សេងទៀតសម្រាប់អ៊ុយក្រែន។
ការចេញផ្សាយបាននិយាយថា ទឹកប្រាក់ប្រហែល ៦៨០លានដុល្លារកាណាដា (៤៩១លានដុល្លារអាម៉េរិក) គឺសម្រាប់ទិញសម្ភារៈយោធាដែលមានប្រភពពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន និងផ្តល់ជំនួយយោធាដែលត្រូវការជាបន្ទាន់ផ្សេងទៀត។
ការចេញផ្សាយបាននិយាយថា ប្រហែល ២២០លានដុល្លារកាណាដា (១៥៩លានដុល្លារអាម៉េរិក) នឹងត្រូវបានប្រើដើម្បីទិញយន្តហោះគ្មានមនុស្សបើក និងសមត្ថភាពសង្គ្រាមអេឡិចត្រូនិក រួមទាំងការវិនិយោគក្នុងការបណ្តាក់ទុនរួមគ្នារវាងឧស្សាហកម្មអ៊ុយក្រែន និងកាណាដា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





