ប្រមុខការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ឡើងវិញនូវសម្ព័ន្ធភាពក្នុងកិច្ចពិភាក្សាជាមួយបេសកជនស្តីទីសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក អាន យូប៊េក (Ahn Gyu-back) និងឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ចូសេប យ៉ុន (Joseph Yun) បានអះអាងជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសម្ព័ន្ធមិត្តប្រឆាំងនឹងការគម្រាមកំហែងរបស់ប្រទេសកូរ៉េខាងជើង ហើយបានយល់ព្រមក្នុងការជំរុញសម្ព័ន្ធភាពរបស់ពួកគេបន្ថែមទៀត។
យោងតាមក្រសួងបានឱ្យដឹងថា ការអំពាវនាវនេះបានធ្វើឡើងនៅពេលដែលលោក អាន និងលោក យ៉ុន បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងវិធីពង្រឹងកិច្ចសហប្រតិបត្ដិការណ៍កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពថា ការវិវត្តនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់ជាមួយប្រទេសរុស្ស៊ីបានលេចចេញជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងបែបនេះ។
ភាគីទាំងពីរក៏បានឯកភាពក្នុងការសហការលើការជំរុញសម្ព័ន្ធភាពរបស់ខ្លួនក្នុងលក្ខណៈដែលមានផលប្រយោជន៍ទៅវិញទៅមក និងឆ្ពោះទៅមុខ ហើយរក្សាបាននូវជំហរការពាររួមបញ្ចូលគ្នាយ៉ាងរឹងមាំ។
កិច្ចប្រជុំនេះបានកើតឡើងនៅពេលដែលសម្ព័ន្ធមិត្តកំពុងធ្វើសមយុទ្ធ Ulchi Freedom Shield នារដូវក្តៅប្រចាំឆ្នាំរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





