មេដឹកនាំកូរ៉េខាងជើងត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលការពារដែនអាកាសថ្មី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលការពារដែនអាកាស ២ប្រភេទដែលត្រូវបានកែលម្អថ្មី ដើម្បីវាយតម្លៃសមត្ថភាពប្រយុទ្ធរបស់ពួកគេ ដោយមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong-un) ជាអ្នកត្រួតពិនិត្យការសាកល្បងអាវុធថ្មីនេះ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា រដ្ឋបាលបានធ្វើការសាកល្បងកាលពីថ្ងៃសៅរ៍ ដោយបានបាញ់មីស៊ីលការពារដែនអាកាសថ្មីទាំង ២ប្រភេទលើគោលដៅផ្សេងៗគ្នា។
លោក គីម បានត្រួតពិនិត្យការបាញ់នេះ អមដោយមន្ត្រីបក្ស និងយោធា រួមទាំងមេបញ្ជាការកងទ័ពអាកាស Marshal លោក គីម វ៉ាងយ៉ុក (Kim Kwang-hyok) ផងដែរ។
ការបាញ់សាកល្បងនេះបានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននឹងកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ពួកគេដែលមានឈ្មោះថា Ulchi Freedom Shield ចាប់តាំងពីថ្ងៃទី១៨ ខែសីហា សម្រាប់រយៈពេល ១១ថ្ងៃ។
ទីភ្នាក់ងារ KCNA បាននិយាយថា ការបាញ់នេះបានបង្ហាញពី «សមត្ថភាពប្រយុទ្ធដ៏ខ្លាំងក្លា» របស់មីស៊ីលដើម្បីឆ្លើយតបភ្លាមៗចំពោះការវាយប្រហារក្នុងគោលដៅពីលើអាកាស ដូចជាយន្តហោះគ្មានមនុស្សបើក ឬមីស៊ីល Cruise ដោយទីភ្នាក់ងារបានបន្ថែមថា ប្រតិបត្តិការ និងរបៀបប្រតិកម្មរបស់ពួកគេ គឺផ្អែកលើបច្ចេកវិទ្យា «ពិសេស និងប្លែកៗ»។
ទីភ្នាក់ងារបាននិយាយថា «ការបាញ់នេះបានបង្ហាញយ៉ាងច្បាស់ថា លក្ខណៈបច្ចេកទេសនៃមីស៊ីលទាំង ២ប្រភេទនេះគឺស័ក្តិសមបំផុតសម្រាប់ការវាយប្រហារចំគោលដៅពីលើអាកាសផ្សេងៗ»។
តាំងពីការចាប់ផ្តើមសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល-ទីក្រុងវ៉ាស៊ីនតោនមក ប្រទេសកូរ៉េខាងជើងបានចេញការថ្កោលទោសទៅវិញទៅមក។ កាលពីសប្តាហ៍មុន លោក គីម បានរិះគន់ថាជាការបង្ហាញឆន្ទៈរបស់ពួកគេក្នុងការ «បញ្ឆេះសង្រ្គាម» អមដោយការកត់សម្គាល់របស់ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគឺ លោកស្រី គីម យ៉ូជុង (Kim Yo-jong) ដែលបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយ៉ុង (Lee Jae Myung) មិនសមនឹង «ផ្លាស់ប្តូរដំណើរនៃប្រវត្តិសាស្ត្រ» នោះទេ។
ការសាកល្បងនេះត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយ នៅពេលដែលលោក លី បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) នៅទីក្រុងតូក្យូ មុនពេលកិច្ចប្រជុំកំពូលដែលបានគ្រោងទុករបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





