កូរ៉េខាងជើងថ្កោលទោសចក្រភពអង់គ្លេសជុំវិញដំណើរទស្សនកិច្ចជាមួយនាវាចម្បាំងទៅកាន់កំពង់ផែកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងជើងបានថ្កោលទោសចក្រភពអង់គ្លេសចំពោះការបញ្ជូននាវាចម្បាំងទៅកាន់កំពង់ផែរបស់ប្រទេសកូរ៉េខាងត្បូងនៅទីក្រុងប៊ូសាន ដោយហៅទង្វើនេះថាជា «បេសកកម្មសង្គ្រាម»។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើងបានចេញការថ្កោលទោសនេះនៅក្នុងអត្ថាធិប្បាយមួយ បន្ទាប់ពីនាវាចម្បាំង Royal Navy ចំនួន ២គ្រឿងគឺ នាវាដឹកប្រេង RFA Tidespring និងនាវាចម្បាំង HMS Richmond បានចូលចតនៅកំពង់ផែ Busan កាលពីសប្តាហ៍មុន។
ដំណើរទស្សនកិច្ចនៅកំពង់ផែនេះគឺជាផ្នែកមួយនៃការដាក់ពង្រាយផ្តោតលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹកដែលគេហៅថា Operation Highmast។ នៅក្នុងខែកញ្ញា នាវាផ្ទុកយន្តហោះ HMS Prince of Wales ដែលជានាវាផ្ទុកយន្តហោះរបស់ចក្រភពអង់គ្លេស គ្រោងនឹងធ្វើការបង្ហាញសមត្ថភាពពីលើអាកាសនៅក្នុងដែនទឹកកូរ៉េខាងត្បូង។
ទីភ្នាក់ងារ KCNA បានថ្កោលទោសការដាក់ពង្រាយ «ជាបេសកកម្មសង្គ្រាមដែលនឹងជំរុញឱ្យស្ថានការណ៍សន្តិសុខនៅលើឧបទ្វីបកូរ៉េ និងតំបន់ទៅកាន់ស្ថានភាពដ៏អាក្រក់បំផុត»។
ទីភ្នាក់ងារ KCNA បានចោទប្រកាន់ទីក្រុងឡុងដ៍ថាទីបំផុតបានដាក់ផែនការរបស់ខ្លួនសម្រាប់ការអន្តរាគមន៍យោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅជាសកម្មភាព ដោយទីភ្នាក់ងារបានព្រមានថារឿងនេះនឹងមិនបញ្ចប់នៅក្នុង «ដំណើរដ៏រីករាយ» នោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





