ស្រីលង្ការឹបអូសទ្រព្យសម្បត្តិពីក្រុមក្មេងទំនើងប្រហែល ១៥លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ -- មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ទ្រព្យសម្បត្តិដែលមានតម្លៃ ៤,៥ប៊ីលានរូពី (ប្រហែល ១៥លានដុល្លារអាម៉េរិក) នៃសមាជិកក្រុមឧក្រិដ្ឋជនត្រូវបានរឹបអូសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អគ្គអធិការរងនគរបាលខេត្តភាគខាងលិច លោក នីសានថា ដេ ហ្សួយសា (Nishantha de Zoysa) បាននិយាយថា ទ្រព្យសម្បត្តិទាំងនេះត្រូវបានរឹបអូសតាមរយៈច្បាប់ការពារការលាងលុយកខ្វក់។
លោកបានបន្តថា ពួកគេក៏នឹងបង្កើតក្រុមប៉ូលិសថ្មីមួយឈ្មោះថា Proceeds of Crime Investigation Division ដើម្បីពង្រឹងការស៊ើបអង្កេតលើទ្រព្យសម្បត្តិដែលទទួលបានពីសកម្មភាពខុសច្បាប់។
លោកបានបន្ថែមថា ប៉ូលីសកំពុងធ្វើប្រតិបត្តិការចាប់ឧក្រិដ្ឋជន និងរឹបអូសអាវុធដែលពួកគេប្រើដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





