ចិន និងអេហ្ស៊ីប ចុះអនុស្សរណៈយោគយល់គ្នាស្តីពីបុរាណវិទ្យាដែនសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសចិន និងអេហ្ស៊ីបបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការលើផ្នែកបុរាណវិទ្យាសមុទ្រ និងការការពារបេតិកភណ្ឌវប្បធម៌ក្រោមទឹក។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅឯតំបន់ Bibliotheca Alexandrina រវាងមជ្ឈមណ្ឌលជាតិបុរាណវិទ្យារបស់ប្រទេសចិន ក្រោមការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ជាតិ និងក្រុមប្រឹក្សាជាន់ខ្ពស់នៃវត្ថុបុរាណអេហ្ស៊ីប (SCA)។
អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងអាឡិចសាន់ដ្រៀ លោក យ៉ាង យី (Yang Yi) បាននិយាយថា ប្រទេសទាំងពីរនឹងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយនៅទីក្រុងអាឡិចសាន់ដ្រៀ សម្រាប់បុរាណវិទ្យាដែនសមុទ្រ និងបេតិកភណ្ឌក្រោមទឹក ដោយលោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការនឹងពង្រឹងទំនាក់ទំនងរវាងប្រជាជនទាំងពីរ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រចិន-អេហ្ស៊ីប និងគាំទ្រដល់ការកសាង «អនាគតរួមគ្នា» រវាងប្រទេសទាំងពីរ។
លោក ម៉ូហាមេដ អ៊ីស្មាអ៊ីល ខាលេដ (Mohamed Ismail Khaled) អគ្គលេខាធិការនៃក្រុមប្រឹក្សា SCA បាននិយាយថា ប្រទេសអេហ្ស៊ីបនឹងទទួលបានអត្ថប្រយោជន៍ពីជំនាញ និងបច្ចេកវិទ្យារបស់ប្រទេសចិនក្នុងការរុករកដែនសមុទ្រ ការជីកកកាយ និងការការពារបេតិកភណ្ឌ។
យោងតាមលោក ខាលេដ បានឱ្យដឹងថា MoU នេះបានគ្របដណ្តប់លើគម្រោងស្រាវជ្រាវរួមគ្នា ព្រឹត្តិការណ៍វិទ្យាសាស្រ្ត ការផ្លាស់ប្តូរព័ត៌មាន និងកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកបុរាណវត្ថុវិទូ និងអ្នកជួសជុល។
ប្រទេសចិន និងអេហ្ស៊ីបបានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបុរាណវត្ថុក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅឆ្នាំ២០១៨ ក្រុមបុរាណវត្ថុវិទ្យាដំបូងរបស់ចិននៅក្នុងប្រទេសអេហ្ស៊ីបបានចាប់ផ្តើមការងារនៅឯប្រាសាទ Montu ក្នុងទីក្រុងលូស័រ។ ប្រទេសទាំងពីរក៏កំពុងធ្វើការរួមគ្នាដើម្បីដាក់បញ្ចូលសិលាចារឹក Baiheliang របស់ប្រទេសចិន និងឧបករណ៍ Nilometers របស់ប្រទេសអេហ្ស៊ីបជាបេតិកភណ្ឌពិភពលោក និងដើម្បីចងក្រងឯកសារជាឌីជីថលនៃមឈូសបុរាណរាប់ពាន់ដែលបានរកឃើញនៅតំបន់ Saqqara ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





