ខេត្តក្វាងស៊ីជាបង្អួចតែមួយគត់នៃការបង្ហាញឱ្យឃើញកាន់តែច្បាស់ចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍចិន-អាស៊ាន
AKP ក្វាងស៊ី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ — នៅក្នុងពិធីសម្ពោធកម្មវិធីខេត្តក្វាងស៊ីក្នុងក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ «ការចែករំលែកឱកាសថ្មីនៃយុគសម័យបញ្គាសិប្បនិម្មិត និងធ្វើការរួមគ្នាទៅអនាគត» នៅទីក្រុងឆុងហ្សូ ខេត្តក្វាងស៊ី របស់ប្រទេសចិន លោក លី ប៉ាន់ (Li Pan) នាយកការិយាល័យសារព័ត៌មាននៃរដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័តក្វាងស៊ី ហ្ស័ង បាននិយាយថា ខេត្តក្វាងស៊ីជាបង្អួចតែមួយគត់នៃការបង្ហាញឱ្យយើងអាចដឹងកាន់តែច្បាស់ចំពោះឱកាសដ៏ធំធេងនៅក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍចិន-អាស៊ាន។

លោកបាននិយាយថា ខេត្តក្វាងស៊ី គឺជាទឹកដីដែលពោរពេញដោយភាពទាក់ទាញ ប្រកបដោយភាពរឹងមាំ និងមានសក្តានុពល និងមានសន្ទុះនៃការរីកចម្រើនខ្លាំងតាមរយៈកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនចិន-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងជាសមិទ្ធិផលជាក់ស្តែងបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មដែលកំពុងរីកលូតលាស់ ដូចជាបញ្ញាសិប្បនិមិ្មត (AI) និងការសង្កេតមើលពីនវានុវត្តន៍ថ្មីនៃសេដ្ឋកិច្ចឧស្សាហកម្ម។


ជាមួយគ្នានេះដែរ ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មានអាស៊ាននាថ្ងៃនេះ លោកក៏បានបញ្ជាក់ផងដែរថា "យើងទន្ទឹងរង់ចាំអ្នកទាំងអស់គ្នានៅថ្ងៃនេះដើម្បីចែករំលែកអំពីសមិទ្ធផលរបស់ខេត្តក្វាងស៊ី ភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការ ថាមវន្តប្រកបដោយនវានុវត្តន៍ ភាពទាក់ទាញនៃវប្បធម៌ និងការប្តេជ្ញាចិត្តឥតងាករេចំពោះការអភិវឌ្ឍដោយសន្តិវិធីជាមួយប្រជាជននៅទូទាំងតំបន់អាស៊ាន និងជាមួយមនុស្សជុំវិញពិភពលោក តាមរយៈការសង្កេតដ៏ប៉ិនប្រសប់ ការយល់ដឹងដ៏ស៊ីជម្រៅ និងទស្សនៈប្លែកៗរបស់អ្នកទាំងអស់គ្នា"៕
ដោយ: យា ចិន្តាខន្តី





