នាយកខេមអេដមើលឃើញពីការប្រកួតកីឡាបាល់បោះ ឆ្នាំ២០២៥ មានគុណភាពបច្ចេកទេសកាន់តែល្អជាងឆ្នាំមុនៗ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥--លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដបានគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះ ៣ទល់៣ បុរស-នារី (CamEd Basketball Tournament) រដូវកាល ២០២៥បានបញ្ចប់ដោយលទ្ធផលល្អជាផ្លែផ្កាជាមួយនឹងការមើលឃើញពីគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីកាន់តែវិវឌ្ឍល្អប្រសើរជាងឆ្នាំមុនៗគួរឱ្យកត់សម្គាល់។

ថ្លែងក្នុងឱកាសបិទបញ្ចប់ការប្រកួត និងប្រគល់ពានរង្វាន់ជូនដល់ក្រុមជ័យលាភី កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក លោក ខេស៊ី បាណេត លើកឡើងថា នេះជាឆ្នាំទី១១ ដែលខេមអេដបានរៀបចំពានរង្វាន់ការប្រកួតកីឡាបាល់បោះនេះឡើង ដើម្បីផ្តល់ឱកាសជូនដល់កីឡាករ កីឡារិនី ជានិស្សិតរបស់ខ្លួនបានចូលរួមកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជាស្វែងរកធនធានក្រុមឆ្នើមៗត្រៀមការប្រកួតកីឡាសកលវិទ្យាល័យថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខ។

នាយកវិទ្យាស្ថានរូបនេះបន្ថែមថា ឆ្នាំនេះមានកីឡាករ កីឡាការិនីចូលរួមច្រើនជាងឆ្នាំមុនៗរហូតដល់ ២៥០នាក់ ដោយផ្នែកបុរសមាន១៦ក្រុម និងនារីមាន១៦ក្រុម។ អ្វីជាការកត់សម្គាល់ ឃើញថា ការប្រកួតបាល់បោះឆ្នាំនេះមានគុណភាពបច្ចេកទេសល្អៗ។ ជាមួយនឹងការប្រកួតឆ្នាំនេះ វិទ្យាស្ថានខេមអេដនឹងប្រមូលធនធានកីឡាករ កីឡាការិនីមានគុណភាពបច្ចេកទេសខ្ពស់ៗចូលរួមហ្វឹកហាត់បង្កើនបច្ចេកទេសបន្ថែម ដើម្បីត្រៀមចូលរួមប្រកួតជាមួយក្រុមនិស្សិតមកពីកម្រិតឧត្តមសិក្សាផ្សេងៗទៀត នៅក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យថ្នាក់ជាតិ នាពេលខាងមុខ។

ជាមួយគ្នានេះ លោក ខេស៊ី បាណេត បានលើកឡើងទៀតថា ក្រុមជម្រើសជាតិនៃប្រភេទកីឡានានាមួយចំនួនត្រូវបានជ្រើសរើសចេញពីគ្រឹះស្ថានឧត្តមសិក្សា ដែលជាធនធានដ៏សំខាន់ ក្នុងការចូលរួមក្នុងក្រុមជម្រើស ជាតិ ដូចជានៅសហរដ្ឋអាមេរិកជាដើម។ ដូច្នេះ លោកបានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជនបង្កើនការរៀបចំការប្រកួតរបស់ខ្លួនឱ្យបានកាន់តែច្រើន ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីរបស់ខ្លួន ត្រៀមការប្រកួតថ្នាក់ជាតិ ក្នុងគោលដៅឱ្យសហព័ន្ធកីឡាជាតិនានាអាចជ្រើសរើសបានធនធានអត្តពលិកចេញពីគ្រឹះស្ថានឧត្តមសិក្សាកាន់តែច្រើនប្រកបដោយគុណភាព សម្រាប់ត្រៀមការប្រកួតអន្តរជាតិនានា។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាច្រើនសប្តាហ៍ ព្រឹត្តិការណ៍ CamEd Basketball Tournament 2025 បានរកឃើញជ័យលាភីលើវវិញ្ញាសា ៣ទល់៣ រួមមាន៖ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ ក្រុម Centurion លេខ២ ក្រុម Bong Kror លេខ៣ ក្រុម CFS និងលេខ៤ ក្រុម Triple B។ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ក្រុម The Vixens លេខ២ ក្រុម De Rookies លេខ៣ ក្រុម CPSDC និងលេខ៤ ក្រុម Rawr៕
ដោយ ហេង ណាលីន





