ចក្រភពអង់គ្លេស និងអ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការចំណាកស្រុក
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃពុធ បានឱ្យដឹងថា ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចំណាកស្រុក។
សេចក្តីថ្លែងការណ៍បាននិយាយថា «កិច្ចព្រមព្រៀងនេះមានគោលបំណងដើម្បីរារាំងបន្ថែមទៀតនូវការមកដល់នៃទូកតូចៗ»ដោយសេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះនឹង «បង្កើតដំណើរការផ្លូវការដើម្បីបញ្ជូនអ្នកដែលមិនមានសិទ្ធិស្របច្បាប់ក្នុងការធ្វើដំណើរមកចក្រភពអង់គ្លេសឱ្យបានឆាប់រហ័ស»។
ដោយសាទរចំពោះកិច្ចព្រមព្រៀងនេះ រដ្ឋមន្ត្រីសន្តិសុខចក្រភពអង់គ្លេស លោក ដាន ចារវីស (Dan Jarvis) បាននិយាយថា «តាមរយៈការធ្វើការរួមគ្នាលើបញ្ហាសន្តិសុខ ការអភិវឌ្ឍ និងការធ្វើចំណាកស្រុក យើងកំពុងកសាងទំនាក់ទំនងកាន់តែរឹងមាំដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសរបស់យើងទាំងពីរ ហើយកំពុងដោះស្រាយបញ្ហាប្រឈមរួមគ្នាដូចជាឧក្រិដ្ឋកម្មដែលបានរៀបចំ និងការធ្វើចំណាកស្រុកមិនទៀងទាត់»។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ចំនួនជនជាតិអ៊ីរ៉ាក់ដែលមកដល់ចក្រភពអង់គ្លេសដោយទូកតូចបានធ្លាក់ចុះមកនៅត្រឹម ១.៩០០នាក់ក្នុងខែមីនា ឆ្នាំ២០២៥ បើធៀបនឹង ២.៦០០នាក់កាលពីឆ្នាំមុន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





