រដ្ឋមន្ដ្រីការបរទេសចិនរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រជាមួយសមភាគីប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រជុំទី៦ នៃរដ្ឋមន្ត្រីការបរទេសចិន-ប៉ាគីស្ថាន ជាមួយឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាមម៉ាដ អ៊ីសាក់ដារ (Mohammad Ishaq Dar) កាលពីថ្ងៃព្រហស្បតិ៍។
លោក វ៉ាង បាននិយាយថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់អាកាសធាតុចិន-ប៉ាគីស្ថាន កំពុងរីកចម្រើនជាលំដាប់ ជាមួយនឹងសារៈសំខាន់ជាយុទ្ធសាស្ត្របន្ថែមទៀត។ លោកបានអបអរសាទរប្រទេសប៉ាគីស្ថានដែលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែកក្កដា ដោយលើកតម្កើងយុត្តិធម៌សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងលើកកម្ពស់ឥទ្ធិពលអន្តរជាតិរបស់ប្រទេសប៉ាគីស្ថាន។
លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសប៉ាគីស្ថាន ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ហើយរៀបចំសម្រាប់ការផ្លាស់ប្តូរកម្រិតកំពូលនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ដូច្នេះការកសាងសហគមន៍ចិន-ប៉ាគីស្ថាន ជាមួយអនាគតរួមនឹងបន្តឈានមុខក្នុងដំណើរការនៃការកសាងសហគមន៍ចិនជាមួយអនាគតរួមជាមួយប្រទេសជិតខាង។
លោក វ៉ាង បានចង្អុលបង្ហាញថា ប្រទេសចិនគាំទ្រប្រទេសប៉ាគីស្ថានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងពង្រឹងកម្លាំងជាតិរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងក្នុង និងខាងក្រៅ។ ភាគីទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកស្ទួយប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងប្រឆាំងការគំរាមកំហែងឯកតោភាគី។
លោក ដារ បាននិយាយថា កិច្ចសន្ទនាទ្វេភាគីត្រូវបានប្រារព្ធឡើងក្នុងពេលវេលាសមស្របដែលបង្ហាញឱ្យឃើញជាក់ស្តែងនូវចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។ មិត្តភាពជាមួយប្រទេសចិន គឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ប្រទេសប៉ាគីស្ថាន និងការយល់ដឹងរួមទូទាំងប្រទេស។ ភាគីប៉ាគីស្ថាននឹងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការងាររបស់ប្រទេសចិនក្នុងនាមជាប្រធានវិលជុំនៃអង្គការសហប្រតិបត្តិការសៀងហៃ និងរួមគ្នាជំរុញការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលទៀនជីនប្រកបដោយជោគជ័យ។
លោកបាននិយាយថា ភាគីប៉ាគីស្ថានទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតលើវិស័យផ្សេងៗរវាងប្រទេសប៉ាគីស្ថាន និងចិន ហើយបន្តពង្រឹងនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់អាកាសធាតុប៉ាគីស្ថាន-ចិន។
លោកបានបន្ថែមថា ប្រទេសប៉ាគីស្ថាននឹងគាំទ្រយ៉ាងមុតមាំក្នុងការកសាងសហគមន៍ប៉ាគីស្ថាន-ចិន ជាមួយនឹងអនាគតរួមគ្នា និងគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលស្នើឡើងដោយប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





