សមាជិកសភាកំពូលចិនជួបអនុប្រធានរដ្ឋសភាវៀតណាម
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- សមាជិកសភាកំពូលរបស់ប្រទេសចិន លោក ហ្សៅ ឡេជី (Zhao Leji) បានជួបជាមួយលោក ត្រាន់ កាងភួង (Tran Quang Phuong) អនុប្រធានរដ្ឋសភាវៀតណាមនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។
លោក ហ្សៅ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ(NPC) បានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសវៀតណាម ដើម្បីបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ រក្សាសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ រួមដៃគ្នាក្នុងការជំរុញទំនើបកម្មរៀងៗខ្លួន និងពន្លឿនការកសាងសហគមន៍ចិន-វៀតណាម ជាមួយនឹងអនាគតរួមគ្នាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
លោកបានបន្ថែមថា គណៈកម្មាធិការ NPC មានឆន្ទៈក្នុងការបង្កើនការផ្លាស់ប្តូរជាមួយរដ្ឋសភាវៀតណាម ចូលរួមរៀនសូត្រគ្នាទៅវិញទៅមកលើការកសាងប្រទេសសង្គមនិយមក្រោមនីតិរដ្ឋ និងផ្តល់ការធានាផ្នែកច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។
លោក ត្រាន់ កាងភួង បាននិយាយថា រដ្ឋសភាវៀតណាមមានឆន្ទៈធ្វើការជាមួយគណៈកម្មាធិការ NPC ដើម្បីបង្កើនការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមកក្នុងវិស័យច្បាប់ និងការត្រួតពិនិត្យ ស្របតាមការឯកភាពដ៏សំខាន់ដែលថ្នាក់ដឹកនាំបក្ស និងប្រទេសទាំងពីរសម្រេចបាននិងធ្វើការរួមចំណែកក្នុងការជំរុញកំណែទម្រង់ និងការអភិវឌ្ឍនៅក្នុងប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





