ម៉ាឡេស៊ីបញ្ជាក់ពីតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក ម៉ូហាម៉ាដ ហាសាន់ (Mohamad Hasan) បានអះអាងថា ក្នុងតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ ម៉ាឡេស៊ីសម្រេចបាននូវព្រឹត្ដិការណ៍សំខាន់ៗ ដោយពង្រឹងគោលជំហររបស់ប្លុកនេះថាជាវេទិកាដ៏គួរឱ្យទុកចិត្ត និងជាគោលការណ៍ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។
លោកបាននិយាយនៅសភាតំណាងរាស្រ្តម៉ាឡេស៊ីកាលពីពេលថ្មីៗនេះថា នៅសល់តែ ៤ខែទៀតប៉ុណ្ណោះមុនពេលបញ្ចប់ការធ្វើជាប្រធានអាស៊ានរបស់ខ្លួន ដោយម៉ាឡេស៊ីនៅតែប្តេជ្ញារក្សានូវសន្ទុះវិជ្ជមានជាពិសេសក្នុងការធានាបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ។
លោកបានបន្ថែមថា ម៉ាឡេស៊ីបានដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ ធានាបាននូវការចូលរួមជាអន្តរជាតិកាន់តែទូលំទូលាយនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) និងសមាហរណកម្មសេដ្ឋកិច្ចកម្រិតខ្ពស់របស់អាស៊ាន តាមរយៈកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានដែលបានធ្វើឱ្យប្រសើរឡើង និងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ានជាដើម។
លោក ម៉ូហាម៉ាដ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលសម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន ដែលរួមមានទីប្រឹក្សាការពារជាតិមកពីប្រទេសជាសមាជិកអាស៊ាន ដើម្បីតាមដានការអនុលោមបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផងដែរ។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា តួនាទីនេះបានបញ្ជាក់ពីភាពជឿជាក់របស់ម៉ាឡេស៊ីថាជាអ្នកសម្រុះសម្រួលអព្យាក្រឹត និងគួរឱ្យទុកចិត្តនៅក្នុងជម្លោះក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





