នាយករដ្ឋមន្ត្រីថៃដែលត្រូវបានព្យួរតួនាទី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា បង្ហាញខ្លួននៅតុលាការ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃដែលត្រូវបានព្យួរតួនាទី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានបង្ហាញខ្លួននៅតុលាការធម្មនុញ្ញថៃកាលពីថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ ដើម្បីចូលរួមសវនាការក្នុងសំណុំរឿងដែលប្តឹងដោយសមាជិកព្រឹទ្ធសភាចំនួន ៣៦នាក់ ដើម្បីស្វែងរកសេចក្តីសម្រេចទៅលើការដកលោកស្រីចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃ។
ករណីនេះកើតចេញពីការចោទប្រកាន់ពីបទបំពានក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការបែកធ្លាយខ្សែអាត់សំឡេងនៃការសន្ទនារវាងលោកស្រី ផែថុងថាន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
មុនពេលសវនាការ ប្រធានតុលាការធម្មនុញ្ញ លោក ណាខារីន មេឃត្រៃរ៉ាត់ (Nakharin Mektrairat) បានប្រកាសថា ដោយសារករណីនេះប៉ះពាល់ដល់សន្តិសុខជាតិ តុលាការនឹងហាមឃាត់ការផ្សាយរូបភាព និងសំឡេងក្នុងអំឡុងពេលផ្តល់សក្ខីកម្មរបស់លោកស្រី។ លោកក៏បានហាមឃាត់អ្នកចូលរួមមិនឱ្យផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានលម្អិតនៃសវនាការដែលអាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំផងដែរ។
ខាងភាគីដើមបណ្តឹង ព្រឹទ្ធសភាបានចាត់តាំងតំណាងឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការ រួមមាន លោកឧត្តមសេនីយ សាវ៉ាត់ តាសាណា (Sawat Tasana)លោកឧត្តមសេនីយ៍ ឆាត់ថាវ៉ាត់ សែងផេត (Chatthawat Saengphet)។
លោកស្រី ផែថុងថាន បានបង្ហាញខ្លួនដោយផ្ទាល់ជាអ្នកឆ្លើយសំណួររបស់ចៅក្រម អមដោយសាក្សី លោក ឆាតឆៃ បាងឈុត (Chatchai Bangchuad) អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ។
តុលាការបានតែងតាំងលោកចៅក្រម វីរូន សាងទៀន (Wiroon Sangtian) និងលោកចៅក្រម ណុបផាដន ទេពពីតាក (Noppadon Theppitak) ឱ្យធ្វើសវនាការ ខណៈដែលចៅក្រមតុលាការធម្មនុញ្ញផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យធ្វើការពិនិត្យ។
ការពិនិត្យសក្ខីកម្មនេះជាដំណាក់កាលសំខាន់មួយមុនពេលតុលាការកំណត់ថ្ងៃបិទសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខនិងប្រកាសសាលក្រមនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ជាសាលក្រមដែលនឹងសម្រេចអនាគតនយោបាយរបស់នាយករដ្ឋមន្ត្រីស្ត្រីទី២របស់ប្រទេសថៃមកពីគ្រួសារស៊ីណាវ៉ាត្រារូបនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





