អាស៊ានប្តេជ្ញាធ្វើឱ្យមានការចុះសម្រុងគ្នាក្នុងក្របខណ្ឌច្បាប់ និងការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការដោះស្រាយវិវាទ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងច្បាប់ យុត្តិធម៌និងអគ្គមេធាវីមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ កាលពីថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ បានអនុម័តទៅលើសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការលើកកម្ពស់មជ្ឈត្តកម្មពាណិជ្ជកម្មអន្តរជាតិ និងការសម្រុះសម្រួលជាឧបករណ៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការផ្លូវច្បាប់ និងការពង្រីកសិទ្ធិទទួលបានយុត្តិធម៌នៅវេទិកាច្បាប់អាស៊ានឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។
សេចក្តីថ្លែងការណ៍រួមនោះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចុះសម្រុងគ្នាក្នុងក្របខ័ណ្ឌមជ្ឈត្តកម្ម និងការសម្រុះសម្រួលនៅទូទាំងតំបន់អាស៊ានស្របតាមស្តង់ដារអន្តរជាតិ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវច្បាប់ដ៏រឹងមាំសម្រាប់ការដោះស្រាយវិវាទ គឺចាំបាច់សម្រាប់ការទាក់ទាញការវិនិយោគ ការលើកកម្ពស់ពាណិជ្ជកម្ម និងការពង្រឹងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។
បណ្តារដ្ឋមន្ត្រីទាំងនោះបានទទួលស្គាល់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្នុងចំណោមប្រជាជាតិអាស៊ាន និងជាមួយដៃគូអន្តរជាតិ និងក្នុងតំបន់ រួមទាំងវេទិកាចែករំលែកចំណេះដឹង និងគំនិតផ្តួចផ្តើមកសាងសមត្ថភាពជាដើម ដែលនឹងផ្តោតសំខាន់ទៅលើការបង្កើនជំនាញរបស់អ្នកបង្កើតគោលនយោបាយ អ្នកជំនាញផ្នែកច្បាប់ និងអ្នកអនុវត្តការដោះស្រាយវិវាទ ដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់តំបន់ក្នុងការដោះស្រាយវិវាទជំនួស (ADR)។
នៅក្នុងសកម្មភាពគួរឱ្យកត់សម្គាល់មួួ សេចក្តីថ្លែងការណ៍រួមក៏បានលើកឡើងពីតួនាទីផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការកែលម្អយន្តការ ADR ផងដែរ។
រដ្ឋមន្ត្រីទាំងអស់បានគាំទ្រចំពោះការប្រើប្រាស់វេទិកាដែលដំណើរការដោយ AI ដើម្បីបង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងធានាឱ្យមានការសម្រេចចិត្តផ្អែកលើភស្តុតាង និងមិនលំអៀង ខណៈដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ ភាពឯកជនទិន្នន័យ និងស្ថិតក្រោមការត្រួតពិនិត្យរបស់មនុស្ស។
សេចក្តីថ្លែងការណ៍នោះបានអំពាវនាវឱ្យមានការប្រើប្រាស់ AI ដើម្បីសម្រួលដល់ការគ្រប់គ្រងសំណុំរឿង និងសម្របសម្រួលលទ្ធផលប្រកបដោយសមធម៌ ខណៈដែលរក្សាតម្លាភាព ភាពមិនលំអៀង និងនីតិរដ្ឋ។រដ្ឋមន្ត្រីទាំងអស់ក៏បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃបរិយាប័ន្ន ភាពងាយស្រួល និងការជឿទុកចិត្តរបស់សាធារណៈជនក្នុងដំណើរការច្បាប់ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





