ត្រៀមខ្លួនពង្រីកទំនាក់ទំនងលើវិស័យជាច្រើនជាមួយអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បាននិយាយក្នុងអំឡុងពេលនៃជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន លោក អាមៀ ខាន់ មុតតាគី (Amir Khan Muttaqi) ថា ប្រទេសចិនមានឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអាហ្វហ្គានីស្ថាន ខណៈដែលលោកបង្ហាញក្តីសង្ឃឹមថាប្រទេសនេះនឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងភេរវករ ដើម្បីលុបបំបាត់ឧបសគ្គក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។
លោក វ៉ាង បានទៅដល់ទីក្រុងកាប៊ុលកាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះក្នុងរយៈពេលជាងបីឆ្នាំកន្លងមកនេះ។
ឆ្នាំនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងអាហ្វហ្គានីស្ថាន។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក វ៉ាង បាននិយាយថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាហ្វហ្គានីស្ថានលើវិស័យនានា រួមទាំងវិស័យពាណិជ្ជកម្ម កសិកម្មការកាត់បន្ថយភាពក្រីក្រ ធនធានទឹក ការតភ្ជាប់ និងការផ្លាស់ប្តូរវប្បធម៌ជាដើម។
លោកបានបន្ថែមថា សកម្មភាពនេះមានគោលបំណងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាការរួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
លោក វ៉ាង បាននិយាយថា ប្រទេសចិនបន្តគោលនយោបាយមិត្តភាពចំពោះប្រជាជនអាហ្វហ្កានីស្ថានទាំងអស់ ហើយនឹងបន្តគាំទ្ររដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងការធានាអភិបាលកិច្ចល្អ ផ្តល់អាទិភាពដល់ការអភិវឌ្ឍការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មយ៉ាងម៉ឺងម៉ាត់ និងជំរុញទំនាក់ទំនងអ្នកជិតខាងល្អដើម្បីទទួលបានសន្តិភាព និងស្ថិរភាពយូរអង្វែង។
ដោយគូសបញ្ជាក់ពីទំនាក់ទំនងរវាងសន្តិសុខ និងការអភិវឌ្ឍ លោកបានអំពាវនាវឱ្យអាហ្វហ្គានីស្ថានបន្តកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបង្ក្រាបក្រុមភេរវករ ចលនាឥស្លាមតួកគីស្ថានខាងកើត ដើម្បីលុបបំបាត់ឧបសគ្គ និងដាក់បញ្ចូលនូវកម្លាំងជំរុញថ្មីទៅក្នុងទំនាក់ទំនងចិន-អាហ្វហ្គានីស្ថានឱ្យកាន់តែស៊ីជម្រៅ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





