រុស្ស៊ីគាំទ្រចំពោះការធានាសន្តិសុខអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ដោយបដិសេធចំពោះគំនិតផ្សេងៗទៀត
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា ប្រទេសរុស្ស៊ីគាំទ្រចំពោះគោលការណ៍ធានាសន្តិសុខដែលបានព្រមព្រៀងគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងឆ្នាំ២០២២ ខណៈដែលសំណើផ្សេងៗទៀតទាំងអស់គឺជារឿងឥតប្រយោជន៍។
ជាក់ស្តែង អឺរ៉ុបកំពុងស្នើសុំអន្តរាគមន៍ពីបរទេសលើផ្នែកមួយនៃទឹកដីអ៊ុយក្រែន ដែលជាការមិនអាចទទួលយកបានសម្រាប់ទីក្រុងម៉ូស្គូជាដាច់ខាត។
លោក ឡាវរ៉ូវ បានបន្ថែមថា គោលជំហររបស់អ៊ុយក្រែនបានបង្ហាញថា ទីក្រុងគៀវចង់ធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកសម្រាប់ដំណោះស្រាយមួយ ខណៈដែលទីក្រុងម៉ូស្គូកំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោននៅលើផ្លូវនេះដើម្បីដោះស្រាយបញ្ហាឫសគល់នៃវិបត្តិ។
លោក ឡាវរ៉ូវ បាននិយាយថា វឌ្ឍនភាពដ៏សំខាន់ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-សហរដ្ឋអាមេរិកនៅរដ្ឋអាឡាស្កា ក្នុងលក្ខខណ្ឌនៃការកំណត់ប៉ារ៉ាម៉ែត្រនៃដំណោះស្រាយជម្លោះអ៊ុយក្រែន។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «បន្ទាប់ពីកិច្ចប្រជុំកំពូលរុស្ស៊ី-សហរដ្ឋអាមេរិកនៅរដ្ឋអាឡាស្កា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការកំណត់ប៉ារ៉ាម៉ែត្រជាក់លាក់នៃដំណោះស្រាយ នៅពេលបន្ទាប់ពីព្រឹត្តិការណ៍នេះ បណ្តាប្រទេសនៅអឺរ៉ុបបានធ្វើតាមលោក [វ៉ូឡូឌីមៀ] ហ្សេលេនស្គី ហើយបានទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយពួកគេបានព្យាយាមផ្សព្វផ្សាយអពីរបៀបវារៈរបស់ពួកគេនៅទីនោះ... ជាការពិត វាមិនអាចបណ្តាលឱ្យយើងមានគំនិតអ្វីក្រៅតែពីការបដិសេធទាំងស្រុងនោះទេ»។
លោក ឡាវរ៉ូវ បានបន្ថែមថា អ៊ុយក្រែនកំពុងបង្ហាញយ៉ាងច្បាស់ថា ខ្លួនមិនចាប់អារម្មណ៍ចំពោះដំណោះស្រាយប្រកបដោយនិរន្តរភាព និងយូរអង្វែងនៃជម្លោះនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





