រុស្ស៊ីបន្តផ្គត់ផ្គង់ប្រេង និងឥន្ធនៈដល់ឥណ្ឌា ដោយមើលឃើញពីសក្តានុពលនៃឧស្ម័នធម្មជាតិរាវ
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីទីមួយនៃសហព័ន្ធរុស្ស៊ី លោក ដេនីស មែនទូរ៉ូវ (Denis Manturov) បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-ឥណ្ឌាថាប្រទេសរុស្ស៊ីបន្តផ្គត់ផ្គង់ដល់ប្រទេសឥណ្ឌានូវផលិតផលប្រេង ធ្យូងថ្ម និងឥន្ធនៈ ដោយមើលឃើញពីសក្តានុពលក្នុងការនាំចេញឧស្ម័នធម្មជាតិរាវ(LNG)។
លោកបាននិយាយថា «យើងបន្តដឹកជញ្ជូនប្រេងឥន្ធនៈ រួមទាំងប្រេងឆៅ និងផលិតផលប្រេង និងធ្យូងថ្ម។ យើងមើលឃើញពីសក្តានុពលសម្រាប់ការនាំចេញ LNG របស់រុស្ស៊ី»។
លោក មែនទូរ៉ូវ បានកត់សម្គាល់ថា បន្ថែមពីលើការផ្គត់ផ្គង់ដោយផ្ទាល់គម្រោងវិនិយោគរួមគ្នាកំពុងត្រូវបានអនុវត្តដើម្បីទាញយក និងដំណើរការអ៊ីដ្រូកាបូននៅក្នុងប្រទេសរុស្ស៊ី និងឥណ្ឌា។
លោកបានបន្ថែមថា «យើងមានគម្រោងពង្រីកកិច្ចសហប្រតិបត្តិកាគ្រប់ជ្រុងជ្រោយក្នុងវិស័យនុយក្លេអ៊ែរដោយសន្តិភាព រួមទាំងផ្អែកលើបទពិសោធន៍ជោគជ័យនៃគម្រោងសាងសង់ Kudankulam NPP»។
ឥណ្ឌាជាប្រទេសប្រើប្រាស់ប្រេងធំជាងគេលំដាប់ទីបីក្នុងពិភពលោកដែលមានកម្រិតខ្ពស់នៃការពឹងផ្អែកលើការនាំចូលរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





