បុគ្គលិកទីភ្នាក់ងារអង្គការសហប្រជាជាតិប្រមាណ ៣៦០នាក់ស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ -- ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅមជ្ឈិមបូព៌ា (UNRWA) បាននិយាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថាទីភ្នាក់ងារនេះបានបាត់បង់បុគ្គលិករបស់ខ្លួនប្រមាណជិត ៣៦០នាក់នៅក្នុងតំបន់ហ្គាហ្សាដោយសារតែការឈ្លានពានរបស់អ៊ីស្រាអែល។
ស្នងការទីភ្នាក់ងារ UNRWA លោក ហ្វីលីព ឡាស់ហ្សារីនី (Philippe Lazzarini) បានសរសេរនៅលើបណ្តាញសង្គមអ៊ិច (X) ថា នៅពេលដែលយើងប្រារព្ធទិវាមនុស្សធម៌ពិភពលោកកាលពីថ្ងៃអង្គារ យើងបានឧទ្ទិសដល់បុគ្គលិកជួរមុខរបស់យើងនៅតំបន់ហ្គាហ្សា។
មន្ត្រីរូបនេះបានសរសេរនៅលើបណ្តាញសង្គមថា បុគ្គលិករបស់យើងជាច្រើននាក់បានស្លាប់នៅក្នុងការបម្រើការងារ ហើយរាប់រយនាក់បានរងរបួស និងជិត ៥០នាក់ត្រូវបានចាប់ខ្លួន ហើយពួកគេជាច្រើននាក់បានទទួលរងការធ្វើទារុណកម្មមុនពេលត្រូវបានដោះលែង។
យើងបានលះបង់ខ្ពស់ ហើយទោះជាយ៉ាងណាក៏ដោយ បុគ្គលិករបស់យើងមិនចុះចាញ់ឡើយ បើទោះបីជាពួកគេជួបប្រទះនឹងស្ថានភាពដ៏លំបាកជាប្រចាំថ្ងៃក៏ដោយ។
លោក ឡាស់ហ្សារីនី ក៏បានគោរពដល់ក្រុមការងារនៅក្នុងតំបន់ដែលកំពុងបន្តផ្តល់សេវាកម្មផងដែរ ជាពិសេសការអប់រំ និងការថែទាំសុខភាពបឋម ចំពេលដែលមានបញ្ហាប្រឈមដ៏ធំធេង។
ស្នងការរូបនោះបាននិយាយថា ខណៈដែលទីភ្នាក់ងារ UNRWA ប្រឈមមុខនឹងការគំរាមកំហែងដែលមានស្រាប់ ក្រុមការងាររបស់យើងសមនឹងទទួលបានការគាំទ្រ ការគោរព និងការកោតសរសើរ ដោយលោកស្នងការបាននិយាយដោយយោងទៅលើវិធានការដែលធ្វើឡើងដោយរដ្ឋាភិបាលអ៊ីស្រាអែលប្រឆាំងនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិនោះ។
ពួកគេប្តេជ្ញាបន្តការងាររបស់ពួកគេរហូតដល់ដំណោះស្រាយត្រឹមត្រូវត្រូវបានរកឃើញចំពោះស្ថានភាពជនភៀសខ្លួនប៉ាឡេស្ទីន។
លោកបានបន្តថា វាជាការចាំបាច់ណាស់សម្រាប់ជម្លោះដែលមានរយៈពេលរាប់ទសវត្សរ៍នេះដើម្បីបញ្ចប់ដោយមធ្យោបាយការទូត និងសន្តិភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





