តួកគីបញ្ជូនជំនួយមនុស្សធម៌ជាង ១០១.០០០តោនទៅកាន់តំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ -- ខណៈដែលតំបន់ហ្គាហ្សាស្ទ្រីបបានទទួលរងពីការវាយប្រហារ និងការរាំងស្ទះជាច្រើនឆ្នាំរបស់អ៊ីស្រាអែល ប្រទេសតួកគីបានបញ្ជូនសម្ភារៈជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់សរុបចំនួន ១០១.២៧១តោនទៅកាន់តំបន់ហ្គាហ្សា។ នេះបើតាមយោងនាយកផ្នែកទំនាក់ទំនងរបស់តួកគីបានប្រកាសនៅក្នុងការបង្ហោះកាលពីថ្ងៃអង្គារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម NSosyal របស់តួកគី។
នាយកផ្នែកទំនាក់ទំនងនោះបាននិយាយថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) តួកគីគឺជាសំឡេងរបស់តំបន់ហ្គាហ្សានៅលើវេទិកាអន្តរជាតិទាំងអស់ ដោយធ្វើការអំពាវនាវជាបន្ទាន់ទៅកាន់ពិភពលោក។
វាក៏បានកត់សម្គាល់ផងដែរនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់តួកគីក្នុងការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សាដែលស្ថិតនៅក្រោមការបិទផ្លូវអស់រយៈពេលជាច្រើនឆ្នាំ និងដើម្បីជួយដល់ប្រជាជនស្លូតត្រង់នៃតំបន់ហ្គាហ្សាដែលត្រូវបានទុកឱ្យប្រឈមមុខនឹងសេចក្តីស្លាប់ដោយសារភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្សក្រោមការវាយប្រហាររបស់អ៊ីស្រាអែល។
ជាការឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា តួកគីបានអនុវត្តភ្លាមៗតាមរយៈក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន អឌ្ឍចន្ទក្រហមតួកគី និងអង្គការមិនមែនរដ្ឋាភិបាលនានា ដោយរក្សាជំនួយមនុស្សធម៌ដោយមិនមានការរំខានដល់ប្រជាជនប៉ាឡេស្ទីន។
តួកគីបានបញ្ជូនជំនួយតាមរយៈនាវាចំនួន ១៦គ្រឿង និងយន្តហោះ១៤គ្រឿង រួមទាំងឧបករណ៍ថែទាំខ្លួនចំនួន ២៨១.២៣៨កញ្ចប់ គ្រឿងផ្គត់ផ្គង់អនាម័យ ៥៥០តោន ម៉ាស៊ីនភ្លើង ១.៤៥១គ្រឿង រទេះរុញ ផ្ទះបាយចល័តចំនួន៣ កុងតឺន័រស្នាក់នៅបណ្តោះអាសន្នចំនួន៣៥១ តង់ចំនួន ២៥.១៨០តង់ភួយចំនួន ១១៣.៦០៨ភួយ ភួយរុំខ្លួនសម្រាប់គេងចំនួន១៩.៧៩៨ សម្ភារៈទីជម្រកចំនួន១៥១.៤៥៥ អាហារចំនួន ២៥.៧២៩តោន ម៉្សៅចំនួន៦៥.២៧៣តោន ទឹកស្អាតសម្រាប់បរិភោគ ៣.១៧១តោន សម្លៀកបំពាក់៤៦៩.៤៨៦ដុំ និងប្រដាប់ក្មេងលេង ១.០៨៣ឈុត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





