ប្រធានាធិបតីតួកគី និងរុស្ស៊ីពិភាក្សាគ្នាអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ -- នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីថ្ងៃពុធ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានពិភាក្សាគ្នាអំពីបញ្ហាពាណិជ្ជកម្ម ទំនាក់ទំនងទ្វេភាគី និងលទ្ធផលនៃកិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្កាកាលពីសប្តាហ៍មុនរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងរុស្ស៊ី។
នាយកផ្នែកទំនាក់ទំនងរបស់តួកគីបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម NSosyal របស់តួកគីថា «ក្នុងអំឡុងពេលនៃការអំពាវនាវនេះ លទ្ធផលនៃកិច្ចប្រជុំកំពូលអាឡាស្កា និងទំនាក់ទំនងទ្វេភាគីរវាងតួកគី និងរុស្ស៊ី ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មត្រូវបានពិភាក្សា»។
លោកប្រធានាធិបតី អឺដូហ្គែន បានបញ្ជាក់ថា លោកបានតាមដានយ៉ាងដិតដល់នូវការវិវត្តដែលទាក់ទងនឹងដំណើរការសន្តិភាព ដោយលោកបានសង្កត់ធ្ងន់ថា ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម (អ៊ុយក្រែន) ប្រទេសតួកគីបានខិតខំដោយស្មោះត្រង់ដើម្បីសម្រេចបាននូវសន្តិភាពមួយ ហើយក្នុងន័យនេះ តួកគីគាំទ្រចំពោះវិធីសាស្រ្តដែលមានគោលបំណងបង្កើតសន្តិភាពយូរអង្វែង ដោយមានការចូលរួមពីគ្រប់ភាគីទាំងអស់»។
នាយកផ្នែកទំនាក់ទំនងនោះបាននិយាយបន្ថែមថា «លោកប្រធានាធិបតី ពូទីន ដែលមានការយកចិត្តទុកដាក់ចំពោះដំណើរការអ៊ីស្តង់ប៊ុលនោះ បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី អឺដូហ្គែន សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាព និងសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់តួកគី»។
ប្រធានាធិបតីទាំងពីរក៏បាន «ព្រមព្រៀងគ្នាទៅលើសារៈសំខាន់នៃការរក្សាកិច្ចសន្ទនារវាងប្រទេសទាំងពីរផងដែរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





