ការជំរុញឱ្យសាកល្បងដាក់ទណ្ឌកម្មចំពោះព័ត៌មានក្លែងក្លាយជាការកម្រិតសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងគណបក្សប្រជាធិបតេយ្យសេរី(DPK) ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង កំពុងបន្តទៅមុខជាមួយនឹងច្បាប់ដ៏ចម្រូងចម្រាសដែលផ្តោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ» ដែលជាទង្វើមួយដែលអ្នករិះគន់បាននិយាយថា វាអាចជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាន និងបទដ្ឋានប្រជាធិបតេយ្យនៅក្នុងប្រទេស។
លោកប្រធានាធិបតីបានអំពាវនាវឱ្យមានកំណែទម្រង់ដែលបានស្នើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ ដោយលោកបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយដែល «បំភ្លៃការពិត ឬផ្សព្វផ្សាយព័ត៌មានមិនពិត» គួរតែទទួលខុសត្រូវ។
លោកក៏បានផ្តាំផ្ញើដល់ក្រសួងទាំងអស់របស់រដ្ឋាភិបាលឱ្យបង្ហាញពីរបៀបដែលពួកគេបែងចែកថវិកាសម្រាប់ទំនាក់ទំនងសាធារណៈរបស់ពួកគេ ដោយបាននិយាយបន្ថែមថា «វាមានសារៈសំខាន់ណាស់ក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយសាធារណជនជំនួសឱ្យការចំណាយប្រាក់សម្រាប់ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ»។
សេចក្តីព្រាងច្បាប់ដែលបានស្នើឡើងនេះនឹងកែសម្រួលឡើងវិញនូវមូលដ្ឋានច្បាប់របស់ប្រទេសកូរ៉េខាងត្បូងស្តីពី ការប្រមាថ ដោយអនុញ្ញាតឱ្យតុលាការផ្តល់ការផាកពិន័យដល់ទៅប្រាំដងនៃការខូចខាតជាក់ស្តែងដែលបណ្តាលមកពីអ្វីដែលច្បាប់កំណត់ថាជាព័ត៌មានមិនពិត និងប្រឌិត។
យោងតាមអ្នកជំនាញមួយចំនួន បានឱ្យដឹងថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលដឹកនាំដោយរដ្ឋាភិបាលនៃទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ គឺពាក់ព័ន្ធជាពិសេសនៅពេលដែលគណបក្ស DPK គ្រប់គ្រងទាំងផ្នែកប្រតិបត្តិ និងនីតិបញ្ញត្តិរបស់រដ្ឋាភិបាល។
លោក លី មីនគ្យូ (Lee Min-kyu) សាស្ត្រាចារ្យផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងនៅសាកលវិទ្យាល័យជុង-អាង (Chung-Ang) បាននិយាយថា «សេរីភាពសារព័ត៌មានតែងតែមានភាពតានតឹងជាមួយអ្នកកាន់អំណាច។ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ គឺត្រូវទទួលខុសត្រូវចំពោះរដ្ឋាភិបាល ប៉ុន្តែរាល់រដ្ឋបាលទាំងអស់នៅពេលឡើងកាន់តំណែងត្រូវបានល្បួងឱ្យគ្រប់គ្រងសារព័ត៌មាន។ អំណាចដោយគ្មានការរិះគន់នាំទៅរកអំពើពុករលួយ»។
លោកបាននិយាយបន្ថែមថា «គ្មានរបាយការណ៍ព័ត៌មានណាដែលល្អឥតខ្ចោះនោះទេ ជួនកាលការគ្របដណ្តប់អាចហួសកម្រិត។ទោះជាយ៉ាងណាក៏ដោយ ដូចដែលបានឃើញក្នុងអំឡុងពេលមានរឿងអាស្រូវទ្វារទឹក របាយការណ៍ព័ត៌មានមិនល្អឥតខ្ចោះនៅទីបំផុតបានរកឃើញការពិតសំខាន់ៗជាច្រើន ដែលនៅទីបំផុតនាំទៅដល់ការលាលែងពីតំណែង (របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក រីឆាដ នីសុន (Richard Nixon)។ សារព័ត៌មានស៊ើបអង្កេតបែបឈ្លានពាននៅតែមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង។ ខ្ញុំមានការព្រួយបារម្ភថា មុខងារសំខាន់របស់សារព័ត៌មាននេះនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដោយសារច្បាប់នេះ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





