លោក លី នឹងជួបលោក ប៊ីល ហ្គេតស៍ ដើម្បីពិភាក្សាអំពីបញ្ហាសុខភាពពិភពលោក និងកិច្ចសហការ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា លោកប្រធានាធិបតី លី ជេម្យុង(Lee Jae Myung) គ្រោងនឹងជួបជាមួយលោក ប៊ីល ហ្គែតស៍ (Bill Gates)ប្រធានមូលនិធិហ្គែតស៍ និងជាសហស្ថាបនិកក្រុមហ៊ុនម៉ៃក្រូសូហ្វ នៅក្នុងទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ហ្គែតស៍ ដែលបានដឹកនាំគំនិតផ្តួចផ្តើមស្តីពី ការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងសុខភាពពិភពលោក តាមរយៈមូលនិធិនោះ កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឱសថកូរ៉េខាងត្បូងចំពោះគម្រោងផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី អ្នកទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាសុខភាពសកលលោក និងកិច្ចសហការប្រកបដោយសក្តានុពលនៅក្នុងវិស័យនេះ។ នេះបើយោងតាមមន្ត្រីកូរ៉េខាងត្បូង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





