នាយករដ្ឋមន្ត្រីអាហ្វហ្គានីស្ថានជួបជាមួយរដ្ឋមន្ដ្រីការបរទេសចិនស្តីពីទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអាហ្វហ្កានីស្ថាន លោក មូលឡាហ៍ ម៉ូហាមម៉ាដ ហាសសាន់ អាគុន (Mullah Mohammad Hassan Akhund) កាលពីថ្ងៃពុធ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។
នៅក្នុងជំនួបនោះ លោក អាគុន បាននិយាយថា រដ្ឋាភិបាល និងប្រជាជនចិនតែងតែប្រកាន់យកនូវអាកប្បកិរិយាមិត្តភាព និងវិជ្ជមានចំពោះប្រទេសអាហ្វហ្គានីស្ថាន ហើយលោកបានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានលើកឡើងពីប្រទេសអាហ្វហ្គានីស្ថាននៅលើឆាកអន្តរជាតិ។
លោក អាគុន បាននិយាយថា ដូចប្រទេសចិនដែរ ប្រទេសអាហ្វហ្គានីស្ថានប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ហើយមានឆន្ទៈក្នុងការរួមរស់ជាមួយគ្នាដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិទាំងអស់។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសអាហ្វហ្គានីស្ថានបានស៊ូទ្រាំនឹងការបំផ្លិចបំផ្លាញនៃសង្គ្រាម និងភាពចលាចល ហើយប្រទេសលោកខាងលិចមួយចំនួននៅតែបន្តព្យាបាទកេរ្តិ៍ឈ្មោះរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហា លើកកម្ពស់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយលោកបានសង្កត់ធ្ងន់ថា ខ្លួនមិនប្រាថ្នានិងមិនបង្កើតបញ្ហាដល់ប្រទេសដទៃឡើយ។
នាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាវិជ្ជមាន និងនិរន្តរភាព ហើយនឹងមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដើម្បីគំរាមកំហែងដល់ប្រទេសចិនឡើយដោយឈរយ៉ាងរឹងមាំជាមួយប្រទេសចិនគ្រប់ពេលវេលា។
ចំណែកឯលោក វ៉ាង បាននិយាយថា ប្រទេសចិន និងអាហ្វហ្គានីស្ថានបានរក្សាទំនាក់ទំនងមិត្តភាពរាប់ពាន់ឆ្នាំមកហើយ។ ប្រទេសចិនបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ដោយគោរពជម្រើសរបស់ប្រជាជនអាហ្វហ្គានីស្ថាន ទំនៀមទម្លាប់វប្បធម៌ និងគំរូអភិបាលកិច្ចដែលបានបង្កើតឡើងតាមលក្ខខណ្ឌជាតិរបស់ពួកគេ។ ប្រទេសចិនគាំទ្រប្រទេសអាហ្វហ្គានីស្ថានក្នុងការរក្សាឯករាជ្យភាពរបស់ខ្លួនដើម្បីសម្រេចបាននូវការអភិវឌ្ឍ និងការរស់ឡើងវិញ។
លោកបាននិយាយថា ប្រទេសចិនបានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួនដើម្បីសមភាពនៃប្រទេសទាំងអស់ មិនថាតូចឬធំ ហើយប្រឆាំងនឹងការគំរាមកំហែងដល់អ្នកទន់ខ្សោយ ឬអ្នកធំជិះជាន់អ្នកតូច។ ប្រទេសទាំងអស់គួរប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយស្មើភាពគ្នា និងសហការគ្នាដើម្បីផលប្រយោជន៍រួម។
លោក វ៉ាង បានចង្អុលបង្ហាញថា ចាប់តាំងពីការផ្លាស់ប្តូររដ្ឋាភិបាលក្នុងប្រទេសអាហ្វហ្គានីស្ថានមក រដ្ឋមន្ត្រីការបរទេសចិនបានមកបំពេញទស្សនកិច្ចនៅប្រទេសនេះចំនួន ២ដងដែលឆ្លុះបញ្ចាំងពីបំណងដ៏ស្មោះរបស់ប្រទេសចិនក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសអាហ្វហ្គានីស្ថាន និងលើកកម្ពស់មិត្តភាពជាប្រពៃណី។
លោកបាននិយាយថា ក្នុងនាមជាប្រទេសជិតខាងរបស់ប្រទេសអាហ្វហ្គានីស្ថាន ប្រទេសចិននឹងបន្តគាំទ្រយុត្តិធម៌ ប្រឆាំងនឹងការគំរាមជាឯកតោភាគី និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយប្រទេសអាហ្វហ្គានីស្ថាន ដោយលោកបានបន្ថែមថា ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនឹងផ្តល់នូវការធានាចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





