ព្រះខ័នរាជស្វាយរៀងប្រកួតបើកឆាកជាមួយ Shan United ជើងឯកក្លឹបអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥--ក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជាត្រូវប្រកួតបើកឆាកជាមួយក្រុម Shan United របស់ប្រទេសមីយ៉ានម៉ា នៅកីឡដ្ឋាន Thuwunnas ទីក្រុងYangon ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង ១៨:៣០ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដែលជាប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B នៃពានរង្វាន់ជើងឯកក្លឹបអាស៊ាន-ASEAN Club Championship Shopee Cup ឆ្នាំ២០២៥-២០២៦។

គូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀង លោក MCCONKEY MATTHEW MERVYN បានលើកឡើងថា លោកបានវិភាគលើ២ប្រកួតចុងក្រោយរបស់ក្រុម Shan United (មីយ៉ានម៉ា) ដែលជាគូប្រជែងជាមួយគ្នា ក្នុងប្រកួតដំបូងនេះ ហើយលោកបានរៀបចំកីឡាកររបស់ខ្លួនត្រៀមប្រកួតដោយផ្អែកតាមភាពជាក់ស្តែងដែលបានឃើញ។ គ្រូបង្គោលជនជាតិអង់គ្លេសរូបនេះបន្ថែមថា ក្រៅពីការប្រកួតដំបូងនេះ ក៏យើងពិនិត្យមើលក្រុមផ្សេងៗទៀត ដែលត្រូវជួបគ្នាក្នុងពូល B នេះ ហើយការប្រកួតនឹងលំបាក។ យើងមិនចង់ដាក់គោលដៅខ្លាំងពេកលើកូនក្រុមរបស់យើង ហើយយើងនឹងគិតលើការប្រកួតបន្ទាប់ម្តងមួយៗ។ យើងនឹងព្យាយាមប្រកួតទៅតាមលទ្ធភាពរបស់យើងដែលអាចធ្វើបាន។

ASEAN Club Championship Shopee Cup នេះមាន១២ក្រុមចូលរួមប្រជែងជើងឯក ដោយចែកចេញជា២ពូល ក្នុងនោះព្រះខ័នរាជស្វាយរៀងស្ថិតក្នុងពូល B ជាមួយ៥ក្រុមផ្សេងទៀត ដូចជាក្លឹប Bangkok United FC របស់ថៃ, ក្លឹប Johor Darul Ta’zime FC ម៉ាឡេស៊ី, Nam Dinh FC វៀតណាម, Lion City Sailors FC សិង្ហបុរី និងក្លឹប Shan United FC របស់ប្រទេសមីយ៉ាន់ម៉ា ដែលឡើងមកពីវគ្គជម្រុះបឋម-Play-Off។

ក្រៅពីជំនួបបើកឆាកជាមួយក្រុម Shan United FC នៅថ្ងៃនេះ គឺព្រះខ័នរាជស្វាយរៀងបន្តជួប៤ប្រកួតទៀត រួមមាន៖ ត្រូវប៉ះជាមួយក្លឹប Nam Dinh FC វៀតណាម នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥, បន្តប៉ះជាមួយក្លឹប Johor Darul Ta’zime FC ម៉ាឡេស៊ី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥, បន្តប៉ះជាមួយក្រុម ក្លឹប Bangkok United FC របស់ថៃ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ និងចុងក្រោយប៉ះក្លឹប Lion City Sailors FC សិង្ហបុរី នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងចំណោម៥ប្រកួត ក្នុងពូល B នេះ គឺព្រះខ័នរាជស្វាយរៀងទទួលធ្វើម្ចាស់ផ្ទះ២ប្រកួត ដែលជាជំនួបជាមួយក្លឹប Johor Darul Ta’zime FC ម៉ាឡេស៊ី និងប៉ះក្លឹប Bangkok United FC របស់ថៃ។ វគ្គសន្សំពិន្ទុក្នុងពូលទាំងពីរ គឺក្រុមនីមួយៗប៉ះគ្នាចំនួន១ជើងប៉ុណ្ណោះ ហើយក្រោយបញ្ចប់ការប្រកួតក្នុងពូល ២ក្រុមលើកំពូលតារាងនៃពូល A និងពូល B នឹងឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ដោយ ហេង ណាលីន (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)





