ប៉ូលិសអាហ្វ្រិកខាងត្បូងចាប់ខ្លួនជនសង្ស័យ ៦នាក់ពីបទជួញដូរកុយសត្វរមាស
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់សម្រាប់គម្រោងក្លែងបន្លំពាក់ព័ន្ធនឹងកុយសត្វរមាសចំនួន ៩៦៤ស្នែងសម្រាប់ទីផ្សារខុសច្បាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមក្រសួងរុក្ខាប្រមាញ់ នេសាទ និងបរិស្ថាន (DFFE) បានឱ្យដឹងថា ប៉ូលីសរបស់ប្រទេសអាហ្រ្វិកខាងត្បូងបានធ្វើការស៊ើបអង្កេតករណីនេះអស់រយៈពេល ៧ឆ្នាំមកហើយ មុនពេលចាប់ខ្លួនជនសង្ស័យទាំង៦នាក់ដែលមានអាយុចន្លោះពី ៤៩ឆ្នាំ ទៅ ៨៤ឆ្នាំ។
ជនសង្ស័យ រួមទាំងបុរស ៥នាក់ និងស្ត្រីម្នាក់បានបង្ហាញខ្លួននៅចំពោះមុខតុលាការនៅទីក្រុងព្រីតូរីយ៉ា ប្រទេសអាហ្រ្វិកខាងត្បូងកាលពីថ្ងៃអង្គារ ដោយប្រឈមមុខនឹងការចោទប្រកាន់ពីបទក្លែងបន្លំចោរកម្ម និងផ្ទុយនឹងច្បាប់ការពារបរិស្ថាន ជាមួយនឹងការចោទប្រកាន់បន្ថែមលើការបោកប្រាស់ និងការលាងលុយកខ្វក់ដែលកំពុងស្ថិតក្រោមការពិចារណា។
រដ្ឋមន្ត្រីក្រសួង DFFE លោក ឌីអន ចច (Dion George) បាននិយាយថា ការស៊ើបអង្កេតនេះគឺជា «ការបង្ហាញដ៏មានអានុភាពនៃការតាំងចិត្តរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីការពារបេតិកភណ្ឌធម្មជាតិ» ដោយលោកបានបន្ថែមថា ការធ្វើពាណិជ្ជកម្មខុសច្បាប់លើកុយសត្វរមាសបានបំផ្លាញជីវចម្រុះ និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃអភិបាលកិច្ចបរិស្ថាន។
លោកបាននិយាយថា ការស៊ើបអង្កេតបង្ហាញថា ជនសង្ស័យបានបោកប្រាស់ក្រសួង DFFE ដោយមានការធានាអនុញ្ញាតក្រោមការក្លែងបន្លំក្នុងការទិញ និងលក់កុយសត្វរមាសក្នុងស្រុក ប៉ុន្តែបានបញ្ជូនកុយទាំងនោះចូលទៅក្នុងទីផ្សារអន្តរជាតិខុសច្បាប់។
មានក្រុមឈ្មួញឆ្លងដែនដ៏ទំនើបមួយចំនួនដែលអាចគេចពីច្បាប់ដោយប្រើបណ្តាញរបស់ពួកគេ។ កុយសត្វរមាសមានទីផ្សារត្រៀមរួចជាស្រេចនៅក្នុងតំបន់ផ្សេងៗនៃពិភពលោកសម្រាប់គោលបំណងគ្រឿងអលង្ការ និងឱសថ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





