ម៉ារ៉ុកបញ្ជូនជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -- ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក ព្រះអង្គម្ចាស់ ម៉ូហាមមេដទី៦ (Mohammed VI) កាលពីថ្ងៃចន្ទបានបញ្ជាឱ្យបញ្ជូនជំនួយមនុស្សធម៌បន្ថែមដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ារ៉ុក បានឱ្យដឹងថា ការដឹកជញ្ជូនរួមមានស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តប្រហែល ១០០តោន ដោយផ្តល់អាទិភាពដល់ក្រុមដែលងាយរងគ្រោះដូចជាទារក និងកុមារ។
ជំនួយត្រូវបានផ្ទុកនៅមូលដ្ឋានទ័ពអាកាសទីមួយក្នុងទីក្រុងសាល ជាទីក្រុងមួយនៅភាគខាងជើងនៃរដ្ឋធានីរ៉ាបាត។ អ្នកបើកយន្តហោះម្នាក់បានប្រាប់សារព័ត៌មាន Xinhua ថា ជំនួយនេះនឹងត្រូវបានដឹកតាមជើងអាកាសទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Ben Gurion របស់អ៊ីស្រាអែល មុនពេលត្រូវបានផ្ទេរដាក់នៅលើដីទៅកាន់តំបន់ហ្គាហ្សា។
ចាប់តាំងពីការផ្ទុះឡើងចុងក្រោយនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលប្រទេសម៉ារ៉ុកបានផ្តល់ជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីនជាច្រើនដង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





